សហជីព៖ បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពដូចការលើកឡើងមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ ១ឧសភាបានទេ
AKP ភ្នំពេញ ថ្ងៃទី0១ ខែឧសភា ឆ្នាំ២០២៦--ថ្នាក់ដឹកនាំសហជីពធំៗនៅកម្ពុជា បានលើកឡើងថា បើមានការរឹតត្បិតសិទ្ធិសេរីភាពសហជីពដូចការលើកឡើងរបស់បុគ្គលមួយចំនួនមែននោះ នឹងមិនមានការជួបជុំសម្ដែងមតិពីគ្រប់និន្នាការនៅថ្ងៃ ១ឧសភាបានទេ ដោយពួកគេចាត់ទុកលើកឡើងនោះថា ជាការបំភ្លៃ និងមិនឆ្លុះបញ្ចាំងពីតថភាពពិតក្នុងសង្គមកម្ពុជា។
លោក សំ សឿន ប្រធានសហភាពពល កម្មជាតិកម្ពុជាបានថ្លែងថា កម្ពុជាមិនមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពដូចការលើកឡើងនោះទេ ជាក់ស្ដែងកាលពីថ្ងៃទី ១ឧសភាម្សិលមិញ មានសហជីពមកពីគ្រប់និន្នាការ បានប្រារព្ធទិវាពលកម្មអន្តរជាតិបានសម្ដែងមតិ និងកង្វល់របស់ពួកគាត់នៅតាមទីសាធារណៈ ហើយកង្វល់ទាំងអស់នោះ ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ និងស្ថាប័នពាក់ព័ន្ធទទួលយកផងដែរ។

លោកបន្តថា «ខ្ញុំគិតថា ការលើកឡើងរបស់មនុស្សមួយក្រុមនោះ គឺមានភាពលម្អៀងដោយមិនអាចទទួលយកបាន និងមានចរិតបង្កឱ្យមានការភាន់ច្រឡំដែលមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសហជីពជាក់ស្ដែងនៅកម្ពុជា។ អ្វីដែលយើងមើលឃើញទាំងអស់គ្នា គឺសិទ្ធិសេរីភាពរបស់សហជីពក៏កាន់តែប្រសើរឡើង ហើយកម្មករនិយោជិតរបស់យើងក៏ទទួលបានលក្ខខណ្ឌការងារកាន់តែប្រសើរ និងសមរម្យទាំងប្រាក់ឈ្នួល និងលក្ខខណ្ឌផ្សេងៗទៀត»។

ជាមួយគ្នានេះ លោក សំ សឿន បានចោទជាសំនួរថា តើសហជីពធ្វើការតវ៉ាប្រឆាំងនឹងរាជរដ្ឋាភិបាល ទើបហៅថា សហជីពឯករាជ្យ ឬយ៉ាងណា? ហើយសហជីពការពារផលប្រយោជន៍កម្មករនិយោជិតពិតប្រាកដជាសហជីពក្លែងក្លាយ ឬយ៉ាងណា? លោកថា សហជីព និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលតាំងខ្លួនជាឯករាជ្យ ប៉ុន្ដែធ្វើសកម្មភាពមិនឯករាជ្យ មិនបម្រើផលប្រយោជន៍កម្មករនិយោជិត ផ្ទុយទៅវិញញុះញង់កម្មករឱ្យតវ៉ា ធ្វើបាតុកម្មខុសច្បាប់ បំពានច្បាប់ បង្កចលាចល អនាធិបតេ យ្យ និងឈានដល់បង្កអំពើហិង្សាជាដើម។

ចំណែកលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានលើកឡើងថា៖«ក្រុមការងារយើង គឺមិនមានរារាំងសកម្មភាពប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៤០នោះទេ គឺអាជ្ញាធរជួយសម្របសម្រួលបញ្ហាសន្ដិសុខសុវត្ថិភាព និងរៀបចំទីតាំងសម្រាប់ជួបជុំក្រុមសហជីពថែមទៀត។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយរលូន ហើយកម្មករបានចូលរួមច្រើន និងសប្បាយរីករាយដែលបានជួបជុំគ្នានាឱកាសនេះ»។
លោកបន្ដថា៖«យើងអត់មានការគំរាមកំហែងអ្វីទេ គឺបើកទូលំទូលាយ អ្នកចូលរួមក៏សប្បាយរីករាយ ហើយយើងមានឱកាសសម្ដែងមតិ ផ្ញើសារនានាទៅស្ថាប័នពាក់ព័ន្ធ និងមានកម្មវិធីជាច្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការរកដំណោះស្រាយនូវបញ្ហាសេសសល់ផ្សេងៗទៀត»។

ចំពោះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)បានចាត់ទុកការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពមានភាពល្អប្រសើរ ដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចាជាមួយថៅកែរោងចក្រ។ ដូច្នេះកម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។
បើតាមថ្នាក់ដឹកនាំសហជីពបានលើកឡើ ងថាសហជីព និងអង្គការវិជ្ជាជីវៈ ត្រូវបានចុះបញ្ជីត្រឹមត្រូវតាមនីតិវិធី និងបានតម្កល់លក្ខន្តិកៈរបស់ខ្លួននៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្នុងលក្ខន្តិកៈនោះបានប្រកាសពីជំហរបម្រើផលប្រយោជន៍កម្មករនិយោជិត សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ មិនចូលរួមធ្វើនយោបាយ ឬសកម្មភាពនយោបាយណាមួយទេ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈបានឱ្យដឹងថា រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ដោយបានបានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបកើនដល់ ៦ ៩២០ ក្នុងនោះសហភាពសហជីពចំនួន ៤៣, សហព័ន្ធសហជីពចំនួន ២៨៥, សហជីពមូលដ្ឋានចំនួន ៦ ៥៧៩ និងសមាគមនិយោជកចំនួន ១៣ នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





