ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញទទួលជំនួបពិភាក្សាការងារជាមួយស្ថាបនិកក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator និងម្ចាស់ស្ថានិកធុរកិច្ចថ្មីឌីជីថលសរុបចំនួន ១៤រូប នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានពិនិត្យនិងពិភាក្សាអំពីវឌ្ឍនភាពគម្រោង ARC Startup Accelerator កម្មវិធី ARC Solopreneurship with ATC and Catalyst AI Academy និង ពិនិត្យបទបង្ហាញរបស់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលចំនួន ៤រូប រួចមាន Finluy, Quicknews, Mekong Intelligence និង Prohose ដែលធុរកិច្ចថ្មីឌីជីថលទាំង៤ នេះបានចូលរួមក្នុងកម្មវិធីពន្លឿនធុរកិច្ចថ្មីរបស់ ARC Startup Accelerator នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP រយៈពេល ១ឆ្នាំ។

សូមជម្រាបជូនថា ក.ប.ទ. តែងតែចូលរួមគាំទ្រ និងស្វែងរកដៃគូរសហការជាតិ និងអន្តរជាតិនានា ដូចជា Plug and Play, សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ARC Startup Accelerator និង ACTSmart ដើម្បីពង្រឹងអក្ខរកម្មឌីជីថល កសាងធនធានមនុស្សឌីជីថល និងជំរុញធុរកិច្ចថ្មីឌីជីថលនៅក្នុងប្រទេសកម្ពុជាឱ្យមានលទ្ធភាពកាន់តែខ្លាំងក្នុងការនាំចេញផលិតផលបច្ចេកវិទ្យាឌីជីថលទៅកាន់ពិភពលោក៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





