មហាពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលរួមពិធីបុណ្យរំលឹកដល់ថ្ងៃព្រះពោធិសត្វប្រសូត ព្រះសម្មាសម្ពុទ្ធត្រាស់ដឹង និងព្រះសម្មាសម្ពុទ្ធបរិនិព្វាន
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ -- មហាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា ដែលបានប្រព្រឹត្តទៅយ៉ាងអធឹកអធមនៅបរិវេណឧបដ្ឋានសាលាខាងក្រោម ដែលស្ថិតនៅខាងកើតព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីរំលឹកដល់ថ្ងៃព្រះពោធិសត្វប្រសូត ព្រះសម្មាសម្ពុទ្ធត្រាស់ដឹង និងព្រះសម្មាសម្ពុទ្ធបរិនិព្វាន។ ពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងលោកជំទាវ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប ដោយបាននាំយកទៅជាមួយនូវគ្រឿងសក្ការបូជាមាន ទៀន ធូប ផ្កាភ្ញី ព្រមទាំងចង្ហាន់ខ្ទប់ជាកញ្ចប់សម្រាប់ដាក់បាត្រប្រគេនព្រះសង្ឃចំនួន ៨០អង្គ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា និងតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ១៥កើត) ខែពិសាខ ដែលពុទ្ធសាសនិក ទាំងព្រះសង្ឃ ទាំងគ្រហស្តតែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។

ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥កើត ខែពិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនាបានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គលត្រូវនឹងថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ៖ ១. ទ្រង់ប្រសូតចាកឧទរមាតានាថ្ងៃសុក្រ ពេញបូណ៌មី ខែពិសាខ ឆ្នាំច មុន ព.ស.៨០ឆ្នាំ។ ២. ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ នាថ្ងៃពុធ ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា មុន ព.ស.៤៥ឆ្នាំ។ ៣. ទ្រង់រំលត់ខន្ធចូលកាន់ព្រះបរិនិព្វាន នាថ្ងៃអង្គារ ពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ជាការចាប់ផ្តើមពុទ្ធសករាជ។

បើតាមសៀវភៅប្រវត្តិវិសាខបូជា បានឱ្យដឹងថា សម្តេចព្រះបរមសាស្ត្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខទាំងអស់ ប្លែកតែឆ្នាំប៉ុណ្ណោះ។ ជាប្រពៃណី ពិធីវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងវេលារាត្រី ព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្តីថា ខែពេញបូណ៌មី។ ម្យ៉ាងទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករ ទាំងប្រុសទាំងស្រីអាចបំពេញកុសលកម្មនេះដោយសប្បាយរីករាយ ព្រោះពេលយប់ជាពេលទំនេរផង។

ពិធីបុណ្យវិសាខបូជា ចាត់ទុកថាជាបុណ្យដ៏ធំដោយមានមហាជន ប្រជាជនចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿង សក្ការបូជាមាន ទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលាតូច ធំ អុជបំភ្លឺព្រោងព្រាតនៅគ្រប់វត្តអារាម។ និយាយជារួម ការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំលឹកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង៣ ដូចពោលខាងលើ។ រីឯពិធីដែលនឹងធ្វើកំណត់ថាត្រឹមត្រូវ គឺត្រូវមានការសម្តែងរឿងពុទ្ធប្បវត្តិតាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រឿងបណ្តុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឱ្យខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចមកហើយចាត់ទុកជាបែបដ៏ល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ៕

ដោយ៖ ចាន់ សុភឿន, រូបថត៖ សួស សាវី





