រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាលខេត្ត បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍
AKP ត្បូងឃ្មុំ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ និងផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍។

កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកស្រី អង្គារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោក រស់ សុខន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ, លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, រដ្ឋបាលឃុំសង្កាត់ទាំង៧, លោកមេឃុំ ចៅសង្កាត់ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី អ៊ូ អង្គារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងនៅរបាយការ និងចំណាប់អារម្មណ៍ថា មេរោគអេដស៍ ជំងឺអេដស៍ គឺជាជំងឺដែលងាយនឹងឆ្លងតាមរយៈការរួមភេទជាមួយអ្នកមានផ្ទុកមេរោគអេដស៍ ដោយមិនប្រើប្រាស់ស្រោមអនាម័យ ហើយជំងឺនេះគឺអាចរីករាលដាលឆ្លងតាមរយៈការប៉ះពាល់ឈាមរបស់អ្នកមានមេរោគអេដស៍ ជំងឺអេដស៍ផងដែរ។

លោកស្រីបន្តថា មេរោគអេដស៍ ជំងឺអេដស៍នេះ ត្រូវបានកាត់បន្ថយបានមួយរយៈធំ ក្រោយពេលប្រជាពលរដ្ឋមានការយល់ដឹង និងភ័យខ្លាចចំពោះជំងឺនេះ ដោយសារពុំមានថ្នាំព្យាបាលនឹងសម្លាប់មនុស្សយ៉ាងស្ងាមស្ងាត់បំផុត។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមើលឃើញថា ចំនួនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ មានការកើនឡើងវិញយ៉ាងគំហុក ជាពិសេសលើយុវជន ដែលបញ្ហានេះរាជរដ្ឋាភិបាលមានការខ្វល់ខ្វាយយ៉ាងខ្លាំង នឹងតម្រូវឱ្យមានការផ្សព្វផ្សាយអប់រំ ដល់មហាជនដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឹនេះ កុំឱ្យមានឱកាសងើបឡើងម្តងទៀត។
ជាមួយគ្នានោះ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តបានមានប្រសាសន៍ថា ដោយមើលឃើញពីផល់ប៉ះពាល់នៃ មេរោគអេដស៍ ជំងឺអេដស៍ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ចេញនៅគោលនយោបាយប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍ ជាមួយគ្នានោះនាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃក៏បានចេញនៅសេចក្តីណែនាំស្តីពី ការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍។
លោកជំទាវអភិបាលរងបន្តថា ការដាក់ចេញនៅសេចក្តីណែនាំនេះ គឺធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ជាតិ។ លោកជំទាវណែនាំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ដើម្បីឱ្យមានការប្រើប្រាស់នៅស្រោមអនាម័យឱ្យបានគ្រប់គ្នា ហើយការប្រើប្រាស់នៅស្រោមអនាម័យនេះ គឺបានការពារខ្លួនឯង គ្រួសារ និងសង្គមជាតិ ព្រោះកាលណាប្រជាពលរដ្ឋគ្រប់គ្នាមានសុខភាពល្អ មានចំណេះដឹងការអប់រំ អាចប្រកបការងារចិញ្ចឹមជីវិត នោះធ្វើឱ្យសង្គមជាតិកម្ពុជាមានការអភិវឌ្ឍន៍ និងសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០-២០៥០៕
ដោយ ជឿន សុធន





