ក្រុមហ៊ុនធំៗបានចុះកិច្ចសន្យាប្រមូលទិញកសិផលក្នុងទឹកប្រាក់១,៣ លានដុល្លារ ដើម្បីធានាស្ថិរភាពតម្លៃ និងទីផ្សារ
AKP ត្បូងឃ្មុំ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម រស់ សុដែន រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញលក់ជ័រកៅស៊ូទឹក ជ័រកៅស៊ូបង្កក ម្រេច ពោតក្រហម និងស្រូវ រវាងក្រុមហ៊ុនចំការកៅស៊ូមេមត់ ក្រុមហ៊ុន FUCHS កម្ពុជា ឯ.ក និងសហគមន៍កសិកម្ម នៅសណ្ឋាគារ ភី អែន ធី ផលលេស ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញ និងតំណាងក្រុមហ៊ុនប្រមូលទិញជាច្រើនរូបទៀត។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានលើកឡើងថា ការរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម រវាងសហគមន៍កសិករ និងក្រុមហ៊ុនឯកជនធំៗ នាពេលនេះ គឺដើម្បីធានាទីផ្សារ និងតម្លៃ ជូនកសិករ ក្នុងខេត្តត្បូងឃ្មុំ។ ជាក់ស្តែងការចុះកិច្ចសន្យានាពេលនេះ សរុប ១០ កិច្ចសន្យា រួមមាន ជ័រកៅស៊ូចំនួន ០៧ កិច្ចសន្យា (បរិមាណ ១,០៦០ តោន), ម្រេចខ្មៅសុវត្ថិភាពចំនួន០១ កិច្ចសន្យា (បរិមាណ ១០០ តោន), ស្រូវសែនក្រអូបចំនួន ០១ កិច្ចសន្យា (បរិមាណ ២៦.៥០ តោន), ពោតក្រហមចំនួន ០១ កិច្ចសន្យា (បរិមាណ ១៥០ តោន), តម្លៃទឹកប្រាក់សរុបប្រមាណ ១,៣០០,០០០ ដុល្លារអាមេរិក។

លោកប្រធានមន្ទីរបានបញ្ជាក់ថា យន្តការកិច្ចសន្យានេះគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការជួយកសិករឱ្យចាកចេញពីការលក់ដូរតាមរយៈឈ្មួញកណ្តាល ដែលគ្មានស្ថិរភាពតម្លៃ។ តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុនធំៗ មានដូចជា ក្រុមហ៊ុនចំការកៅស៊ូមេមត់ និង ក្រុមហ៊ុនហ្វុកហ៍ កម្ពុជា ឯ.ក បានប្តេជ្ញាទិញកសិផលក្នុងតម្លៃខ្ពស់ជាងទីផ្សារ និងផ្តល់ប្រាក់លើកទឹកចិត្តដល់សហគមន៍ថែមទៀតផង។

ក្នុងឱកាសនោះ ឯកឧត្តម គន់ រ័ត្នមុនី បានមានប្រសាសន៍ថា ការចុះកិច្ចសន្យានេះ គឺជា "ស្ពាន" ដ៏សំខាន់ដែលជួយឱ្យបងប្អូនកសិករមានភាពកក់ក្តៅ លែងព្រួយបារម្ភរឿងខ្វះទីផ្សារ ឬការទម្លាក់តម្លៃពីឈ្មួញកណ្តាល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។ សកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល អាណត្តិទី៧ តាមរយៈផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើអាទិភាពទី៥ និងទី៦ ដែលផ្តោតលើការការពារផលប្រយោជន៍កសិករ តាមរយៈយន្តការសម្របសម្រួលតម្លៃកសិផល។
ឯកឧត្តមអភិបាលរងខេត្តបានលើកឡើងពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ និងសក្តានុពលផ្នែកកសិ-ឧស្សាហកម្មរបស់ខេត្ត ដែលកំពុងប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅទិសបូព៌ា ដែលកាលពីឆ្នាំ២០២៥ កន្លងទៅ វិស័យដំណាំតែមួយមុខបានបង្កើតចំណូលជូនខេត្តរហូតដល់ ៦៥០ លានដុល្លារអាមេរិក។ ដូច្នេះការជំរុញកិច្ចសន្យាផលិតកម្មកសិកម្មនៅពេលនេះ គឺជាជំហានថ្មីមួយទៀត ក្នុងការលើកកម្ពស់ជីវភាពកសិករ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិផលខ្មែរទៅកាន់ទីផ្សារឱ្យកាន់តែរឹងមាំ។
ឯកឧត្តម គន់ រ័ត្នមុនី បានគូសបញ្ជាក់ថា ការចុះហត្ថលេខានាពេលនេះ ធ្វើឡើងរវាងសហគមន៍កសិកម្មក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាមួយបណ្តាក្រុមហ៊ុនប្រមូលទិញ គឺដើម្បីបង្កើតទំនុកចិត្តទ្វេភាគី ក្នុងនោះក្រុមហ៊ុនទទួលបានផលិតផលមានគុណភាពតាមស្តង់ដារ ចំណែកកសិករក៏ទទួលបានតម្លៃលក់មួយដែលសមរម្យ និងមានស្ថិរភាព។ ដែលនេះ គឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការធ្វើកសិកម្មតាមបែបទំនើប និងមានកិច្ចសន្យាច្បាស់លាស់។
ក្នុងឱកាសនេះដែរ ឯកឧត្តម រស់ សុដែន រដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា ការចុះកិច្ចសន្យានាពេលនេះ គឺជាជំហានរីកចម្រើនថ្មីមួយទៀត នៃវិស័យកសិ-ឧស្សាហកម្ម ក្នុងខេត្តត្បូងឃ្មុំ ដែលជួយឱ្យកសិករលែងព្រួយបារម្ភរឿងគ្មានអ្នកទិញ ឬតម្លៃធ្លាក់ចុះខ្លាំងនៅពេលប្រមូលផល។ ផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជាយន្តការ "ឈ្នះ-ឈ្នះ" ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងជំរុញយ៉ាងសកម្ម ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ និងលើកកម្ពស់ជីវភាពកសិករ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរ (កសិករ និងក្រុមហ៊ុន) ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ដោយត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងបរិមាណដែលបានព្រមព្រៀង។ ទន្ទឹមនេះដែរ យន្តការដោះស្រាយដោយសន្តិវិធី ត្រូវប្រើប្រាស់ក្នុងការពិភាក្សា និងការយោគយល់គ្នា នៅពេលមានបញ្ហាប្រឈម ឬការប្រែប្រួលទីផ្សារកើតឡើង។
គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មដ៏ធំនេះ គឺដើម្បីពង្រឹងខ្សែចង្វាក់តម្លៃ និងធានាស្ថិរភាពចំណូលជូនបងប្អូនកសិករ ដោយបង្កើតភាពជឿជាក់រវាងអ្នកផលិត និងក្រុមហ៊ុនប្រមូលទិញ ធានាឱ្យបាននូវតម្លៃសមរម្យ គុណភាពស្តង់ដារ និងបរិមាណផ្គត់ផ្គង់ច្បាស់លាស់ ដោយមានសហគមន៍ចូលរួម៖ សហគមន៍កសិកម្មចំនួន ៩ (៨ សហគមន៍មកពីខេត្តត្បូងឃ្មុំ និង ១ សហគមន៍មកពីខេត្តកំពង់ចាម) និងមុខទំនិញយុទ្ធសាស្ត្រ រួមមាន ការទិញ-លក់ ជ័រកៅស៊ូ, ម្រេច, ពោតក្រហម និងស្រូវចំណី ពូជសែនក្រអូប ចំនួន ០១ផងដែរ៕
ដោយ៖ រិទ្ធ អារុណ្ណាទី





