ក្រសួងបរិស្ថាន និងក្រសួងសុខាភិបាលប្តេជ្ញារួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព
AKP ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលរួមជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល និងក្រសួងបរិស្ថាន ស្តីពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព និងពិធីប្រគល់ធុងសំរាមជូនដល់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត។

ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា បានវាយតម្លៃខ្ពស់ចំពោះ ការគ្របដណ្តប់នៃគោលដៅ ក្របខ័ណ្ឌសុខភាពតែមួយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ ដោះស្រាយ និងលើកស្ទួយព្រមគ្នានូវសុខភាពមនុស្ស សត្វ និងបរិស្ថាន។

ឯកឧត្តមសាស្រ្តាចារ្យបានសម្ដែងនូវការជឿជាក់យ៉ាងមុតមាំថា អនុស្សរណៈនៃការយោគយល់នេះ គឺជាត្រីវិស័យសម្រាប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ទូទាំងប្រទេសរួមទាំងផ្នែកឯកជននឹងចូលរួមកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មិនមែនវេជ្ជសាស្ត្រជាអតិបរមា ដើម្បីចូលរួមចំណែកការពារបរិស្ថានឱ្យបានស្អាត នៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកកិច្ចសហការគ្នានេះ នឹងចូលរួមគាំទ្របន្ថែមទៀតដល់ការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ដើម្បីកម្ពុជាដែលជាផ្ទះរបស់យើង មានភាពស្អាត បៃតង គ្មានការបំពុល ក៏ដូចជាចូលរួមចំណែក ក្នុងការការពារសុខភាព របស់ប្រជាជនកម្ពុជា ឈានឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានឱ្យដឹងថា ក្រោយការអនុវត្តយុទ្ធសាស្រ្តចក្រាជាង២ឆ្នាំកន្លងមកនេះ ការនាំចូលផលិតផលប្លាស្ទិកបានធ្លាក់ចុះប្រមាណ៨៥ភាគរយ។

គួរបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈខាងលើ ក្រសួងបរិស្ថានបានផ្តល់ជូនធុងសំរាមចំនួន ៥០០០ ធុង ដល់ក្រសួងសុខាភិបាល ដើម្បីផ្តល់ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព តាមរយៈមន្ទីរសុខាភិបាលរាជធានី ខេត្តទូទាំងប្រទេសផងដែរ៕
ដោយ៖ មករា





