ឯកឧត្តម ទេព អស្ចារិទ្ធ៖ក្រសួងព័ត៌មានតែងធ្វើការផ្សះផ្សាវិវាទ និងផ្តល់ការអន្តរាគមន៍ ផ្លូវច្បាប់នៅពេលមានបណ្តឹងរបស់អ្នកសារព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ -- ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថាក្រសួងព័ត៌មានតែងផ្តល់អន្តរាគមន៍ដល់អ្នកសារព័ត៌មានជាបន្តបន្ទាប់ ក្នុងនេះបានជួយជាយន្តការចំនួន ២យ៉ាងជាក់លាក់គឺ ធ្វើការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងផ្តល់ការអន្តរាគមន៍ដោយជួយការពារតាមផ្លូវច្បាប់នៅពេលមានបណ្តឹងរបស់អ្នកសារព័ត៌មានឡើងទៅដល់តុលាការផងដែរ។

គួរបញ្ជាក់ថាការលើកឡើងពីសំណាក់ ឯកឧត្តម ទេព អស្ចារិទ្ធ បែបនេះធ្វើឡើងក្នុងទិវា សេរីភាព សារព័ត៌មានពិភពលោក ៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ«ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវដើម្បីសន្តិភាព និង ការអភិវឌ្ឍ”នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាសណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្នុងរាជធានីភ្នំពេញ។

ដោយឡែកក្នុងឯកសារទស្សនទាន នៃ សន្និសីទជាតិស្តីពី សេរីភាពសារព័ត៌មានពិភពលោក ៣ ខែឧសភា ឆ្នាំ២០២៦ នេះដែរបានបញ្ជាក់ថា ក្នុងបរិបទនៃប្រទេសកម្ពុជា វិស័យប្រព័ន្ធផ្សព្វផ្សាយកំពុងបន្តវិវត្តយ៉ាងឆាប់ រហ័សស្រប តាមការផ្លាស់ប្តូរនៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI), ការរីកដុះដាលនៃវេទិកាអនឡាញ និងការធ្វើ បច្ចុប្បន្នភាព នៃ បទប្បញ្ញត្តិច្បាប់នានា។ក្រៅពីនេះកម្ពុជាក៏បានកំណត់យកប្រធានបទជាតិសម្រាប់ទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៦ «ការលើក កម្ពស់ប្រព័ន្ធផ្សព្វផ្សាយសេរី និងមានទំនួលខុសត្រូវ ដើម្បីសន្តិភាព និងការអភិវឌ្ឍ” ។ ប្រធានបទនេះឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាលើសេរីភាពសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ ហើយទទួលស្គាល់តួនាទីស្នូល របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ការអភិវឌ្ឍ សន្តិភាព និងសាមគ្គីភាពសង្គម៕

ថ្លែងក្នុងពិធីនេះដែរឯកឧត្តម ទេព អស្ចារិទ្ធ បានលើកឡើងថាក្នុងមួយឆ្នាំៗក្រសួងព័ត៌មានបានទទួលសំណើរពីអ្នកសារព័ត៌មានមិនតិចជាង១០០ករណីទេ។ក្នុងនេះភាគច្រើនទៅលើកំហុសឆ្គងវិជ្ជាជីវៈ ហើយ ក្រសួងបានផ្តល់នូវការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការដើម្បីបញ្ចប់រឿងរាវ។កន្លងមកនេះក្រសួងព័ត៌មានបានជួយផ្សះផ្សាវិវាទចំនួន៣៧ករណី និងក្នុងនេះមាន៧ករណីបានឈានទៅដល់នីតិវិធីតុលាការ និងក្រសួងបានផ្តល់មេធាវី ជួយការពារក្តីរឿងរាវរបស់ពួកគាត់ដោយមិនគិតថាគាត់មានកំហុសឆ្កងអ្វីទេដែលជាការ ការពារសិទ្ធរបស់អ្នកសារព័ត៌មាន។

អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ដែរថាក្នុងការស្ទង់មតិនាកន្លងមកបានបង្ហាញថា៩៦,៣ភាគរយនៃការស្ទង់មតិនៅឆ្នាំ២០២៦នេះ បង្ហាញដែរថាដើម្បីការពារតម្លៃវិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាការលើកកម្ពស់ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ត្រូវមានគោលដៅរួមមួយគឺសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍។ជាមួយគ្នានេះក្រសួងព័ត៌មានតែងលើកកម្ពស់លើវិស័យសារព័ត៌មាន ដោយឱ្យគោរពនូវក្រមសីលធម៌វិជ្ជាជីវៈពិសេសអ្នកព័ត៌មានអាជីពមិនទទួលរងគ្រោះដោយសារអ្នកសារព័ត៌មានចំនួនតិចតួចដែលមិនមែនជាអ្នកព័ត៌មានអាជីព មិនគោរពបានក្រមសីលធម៌និងវិជ្ជាជីវៈនេះ។

ដោយឡែក រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦បានថ្លែងបញ្ជាក់ថាតាមរយៈការស្ទង់មតិនៅឆ្នាំ២០២៦នេះ ក្នុងចំណោមអ្នកសារព័ត៌មាន ចំនួន៥៧០ដែលគេបានធ្វើការស្ទង់មតិ បង្ហាញថា ៨០,៨ភាគរយបានវាយតម្លៃស្ថានភាព សេរីភាពសារព័ត៌មានកម្ពុជាថាមានភាពល្អប្រសើរ៕
ដោយ៖មករា





