ឯកឧត្តម ហែម វណ្ណឌី អញ្ជើញសម្ពោធដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម សុខ លូ អភិ បាលខេត្តបាត់ដំបងលោកស្រី Yasmin Siddiqi នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា និងលោកស្រី Sandrine Boucher នាយិកានៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)ប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង ស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូស បញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ គឺ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តហើយគម្រោងនេះត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨បានបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានថវិកាសរុប ១១៩,១៧លានដុល្លារអាម៉េរិក ដែលរួមមាន ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB , ឥណទា នពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) គ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ,ជំនួយឥតសំណងរបស់សហគ មន៍អឺរ៉ុប និងថវិកាបដិភាគរបស់រាជរដ្ឋា ភិបាលកម្ពុជា។

សមិទ្ធផលនេះជាស្ថានី យបូមទឹកឆៅដែលមានសមត្ថភាពបូម ៥៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថ ភាពផលិត ៥០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ បណ្តាញទុយោដែកបូមទឹកឆៅទៅរោងចក្រប្រវែង ១,១៣គីឡូម៉ែត្រ បណ្ដាញទុយោដែកបង្ហូរពីរោងចក្រទៅស្ទឹងវិញប្រវែង ១,១៣គីឡូម៉ែត្រ បណ្តាញទុយោខ្មៅចែកចាយទឹកស្អាតប្រវែងសរុប ៩៤គីឡូម៉ែត្រ។ស្ថានីយនេះមានកម្លាំងផលិត និងចែកចាយទឹកស្អាតដោយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីនេះចំនួន ៨៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ ប្រវែងបណ្តាញទឹកស្អាត ៩២៦គីឡូម៉ែត្រ ចំនួនតំណសរុប ៤៣ ៩៦២តំណ ចំនួនប្រជាជនទទួលបានសេវាទឹកស្អាត ២១៩ ៨១០គ្រួសារ អត្រាគ្របដណ្តប់ក្នុងតំបន់សេវាកម្ម ៩៤ភាគ រយ អត្រាប្រជាជនទទួលបានទឹកស្អាត ៨៩ភាគរយ អត្រាខ្នងផ្ទះបានភ្ជាប់បណ្ដាញទឹកស្អាតក្នុងតំបន់សេវាកម្ម ៨២ភាគរយនិងអត្រាទឹកបាត់បង់ ៨,៤៥ ភាគរយ។

ឯកឧត្តម ហែម វណ្ណឌី បានប្រសាសន៍ថា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនា ម័យខេត្តបានជួយពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបងក្រោមការផ្ដល់ហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត។

ឯកឧត្តម សង្ឃឹមថា ដៃគូអភិវឌ្ឍន៍ទាំងពីរនឹងបន្តជួយគាំទ្រឱ្យមានគម្រោងថ្មីៗទៀតដើម្បីជាគុណប្រយោជន៍ដល់ប្រជាជនកម្ពុជា ៕
ដោយ៖ ណយ នឿន ,ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង





