រូបិយប័ណ្ណអ៊ីរ៉ង់កាន់តែធ្លាក់ចុះដោយសារជម្លោះជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ -- រូបិយប័ណ្ណអ៊ីរ៉ង់បានធ្លាក់ចុះបន្ថែមទៀតធៀបនឹងប្រាក់ដុល្លារអាម៉េរិកកាលពីថ្ងៃពុធ ចំពេលដែលមានជម្លោះជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានISNA។
ប្រាក់ដុល្លារអាម៉េរិកបានកើនឡើងជាង ២៣០.០០០រៀលក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ដោយឈានដល់ ១.៨១១.០០០រៀលក្នុងការជួញដូរទីផ្សារបើកចំហ ដែលជាការកើនឡើងប្រហែល ១៤% -១៥%។ នេះបើយោងតាមការរាប់បញ្ចូលទីផ្សារ។
រូបិយប័ណ្ណសំខាន់ៗផ្សេងទៀត រួមទាំងប្រាក់អឺរ៉ូ ក៏បានកត់ត្រាការកើនឡើងស្រដៀងគ្នានេះដែរ។
កាលពីខែធ្នូឆ្នាំមុន ប្រាក់រៀលអ៊ីរ៉ង់បានធ្លាក់ចុះយ៉ាងខ្លាំង ពីប្រហែល១,២លានរៀល ទៅ ១,៤៤លានរៀលក្នុងមួយដុល្លារអាម៉េរិក ដែលបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងរដ្ឋាភិបាល។ ការតវ៉ាបានកើនឡើងនៅដើមខែមករា ហើយបានប្រែក្លាយទៅជាអំពើហិង្សាកាន់តែខ្លាំងនៅថ្ងៃទី០៨-០៩ខែមករា។
មន្ត្រីអ៊ីរ៉ង់បាននិយាយថា មនុស្សចំនួន ៣.១១៧នាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ានោះ ខណៈដែលអង្គការសិទ្ធិមនុស្សមួយចំនួនបានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់មានរហូតដល់ ៧.០០០នាក់។
ក្រោយមក នៅក្នុងខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានផ្តួចផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រូវបានបញ្ឈប់នៅថ្ងៃទី០៨ ខែមេសាក្រោមបទឈប់បាញ់ដែលសម្របសម្រួលដោយប៉ាគីស្ថាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





