ស្នងការនគរបាលខេត្តកំពង់ធំដាក់ចេញនូវផែនការលម្អិតដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម
AKPកំពង់ធំថ្ងៃទី ៣០ ខែ មេសាឆ្នាំ២០២៦ -- លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំបានដាក់ចេញនៅផែនការលំអិតដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗការពាររក្សាសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីកងកម្លាំងប្រមាណ៧០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងថាដោ យអនុវត្តតាមផែនការ បទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់ថ្នាក់ដឹកនាំ នៃព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបញ្ចុះកម្លាំងតាមគោលដៅមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ដើម្បី១.ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (ត្រួតពិនិត្យជាតិអាល់កុល លើអ្នកបើកបរ),២.ត្រួតពិនិត្យអាវុធជាតិផ្ទុះ៣.ពិនិត្យសារធាតុញៀន សំដៅបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាសេចក្តីសុខក្សេមក្សាន្តជូនសង្គម ជាតិ និងប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោបាន ក្រើនររម្លឹកដល់ផែនការងារជំនាញ និងលោកអធិការដ្ឋាននគរបាលទាំង ០៩ ក្រុង-ស្រុក ត្រូវបង្កើនការងារយកចិត្តទុកដាក់ ក្នុងការអនុវត្តនូវគោលន យោបាយនានា របស់រាជរដ្ឋាភិបាល ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោស សម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរួមគ្នា ប្ដេជ្ញាចិត្ត មិនអនុញ្ញាតឱ្យមានវត្តមានល្មើសឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឡើយ ។

លោកឧត្តមសេនីយ៍ទោហេង សុផលស្នងការនគរបាលខេត្តកំពង់ធំបានផ្ដាំផ្ញើ ដល់លោកលោកស្រីជាថ្នាក់ដឹកនាំ ត្រូវពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ ចត់ ដើម្បីត្រៀមលក្ខណៈជាស្រេចសម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពល រដ្ឋនាគ្រាជួបហេតុការណ៍ណាមួយដែលអាចកើតមានឡើងដោយចៃដន្យ ៕

ដោយ៖ ស៊ុម វណ្ណា





