ឯកឧត្តម ហ៊ែល តូនី ជួបពិភាក្សាជាមួយសាស្រ្តាចារ្យសាកលវិទ្យាល័យជាតិសិង្ហបុរី ស្តីពីបញ្ញាសិប្បនិម្មិត AI សម្រាប់ការគ្រប់គ្រងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ហ៊ែល តូនី អនុប្រធានអចិន្រ្តៃយ៍អាជ្ញាធរទន្លេសាប និង ជាប្រធានក្រុមការងារទទួលបន្ទុកការអនុវត្តន៍គម្រោងក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក អមដោយក្រុមការងារបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៦នេះ បានទទួលជួបប្រជុំពិភាក្សាជាមួយ លោកសាស្រ្តាចារ្យ Reuben Chong Wee Ng នៃសាកលវិទ្យាល័យជាតិសិង្ហបុរី National University of Singapore និង លោក ចាន់ វីរៈ ជំនាញការជាន់ខ្ពស់ការគ្រប់គ្រងធនធានទឹក នៃធនាគារពិភពលោក ដើម្បីពិភាក្សាការផ្តួចផ្តើមរៀបចំសិក្ខាសាលា ស្តីពីបញ្ញាសិប្បនិម្មិត AI សម្រាប់ការគ្រប់គ្រងទន្លេសាប និងគោលនយោបាយទឹក ។

ក្នុងនោះដែរ កិច្ចប្រជុំក៏បានពិភាក្សា និងយកចិត្តទុកដាក់ផ្តោតទៅលើការដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តអាទិភាពរបស់អាជ្ញាធរទន្លេសាប ២០២៤-២០២៨ ភាពប្រឈមនឹងគោលនយោបាយ រួមជាមួយទស្សនៈវិស័យជាយុទ្ធសាស្រ្ត របស់អាជ្ញាធរទន្លេសាប ស្របជាមួយនឹងបរិបទនៃការផ្លាស់ប្តូរទំនើបកម្មតាមបែបឌីជីថល (Digital) សំដៅដល់ការការគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយឆ្លាតវៃ ។


អាជ្ញាធរទន្លេសាបបាន និងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ធនាគារពិភពលោក ស្ថិតក្រោមកម្មវិធីគម្រោងវាយតម្លៃសន្តិសុខទឹកទន្លេសាប និងបានកំពុងតែរៀបចំកសាងឯកសារសំខាន់ៗ ចំនួនបីរួមមាន៖ ទី១ របាយការណ៍ ស្តីពីស្ថានភាពអាងទន្លេសាប, ទី២ ការវាយតម្លៃសន្តិសុខទឹកទន្លេសាប និង ទី៣ សេចក្តីសង្ខេបគោលនយោបាយ ៕
ដោយ ណយ នឿន (ប្រភព៖អាជ្ញាធរទន្លេសាប)




