ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២១គ្រួសារបានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦-- លោកជំទាវ លំ គន្ធារីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ មន្ត្រីសាខា និងលោក គង់ សំអាត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្ក និងក្រុមការងារនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦បានអញ្ចើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់របើកដំបូលផ្ទះចំនួន១៨ខ្នងផ្ទះនិងរលំ០៣ខ្នងផ្ទះសរុបចំនួន២១ខ្នងផ្ទះស្ថិតនៅភូមិថ្នល់ ឃុំទួលគ្រឹល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ លំ គន្ធារីបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ មិនតែប៉ុណ្ណោះសម្តេចប្រធានបានសម្ដែងការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយថ្វីដ្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះមានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ ពោលគឺ"ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា"។

ជាមួយគ្នានេះដែរ លោកជំទាវបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាពជាពិសេសសូមមេត្តាថែទាំសុខភាពឱ្យបានល្អ មើលថែទាំកូនចៅតូចៗ ដោយត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ។ ម្យ៉ាងវិញទៀតបើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះឬព្យាបាលបានទាន់ពេលវេលា។លោកជំទាវបានបន្តថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឱ្យ ប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូន ប្រជាពលរដ្ឋទាំងអស់និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ហើយ។ ជាក់ស្តែងក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ ខេត្តកំពង់ធំបានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ក្នុងក្រុងស្រុកចំនួន៥ព្រមទាំងខូចខាតសាលារៀន វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ ។

លោកជំទាវ បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបានគឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ គឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

អំណោយដែលត្រូវផ្ដល់ជូនគ្រួសាររងគ្រោះទាំង២១គ្រួសារក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន២៥គីឡូក្រាម,មី១កេស, ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១០កំប៉ុង,ឃីត១កញ្ចប់។ដោយឡែកគ្រួសាររងគ្រោះបាក់រលំផ្ទះទាំងស្រុងទទួលបានបន្ថែមនូវសម្ភារៈផ្ទះបាយ និងថវិកាមួយចំនួនទៀត៕
ដោយ ស៊ុម វណ្ណា





