អាជ្ញាធរស្រុក Anji ជំរុញយុទ្ធសាស្ត្រ "ឫស្សីជំនួសប្លាស្ទិក" ដើម្បីចីរភាពបរិស្ថាន និងការអភិវឌ្ឍបៃតង
AKP Anji, ប្រទេសចិន ថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦--
ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ស្រុក Anji នៃខេត្តជឺជាំង ប្រទេសចិន បានបង្ហាញពិភពលោកថា «ការអភិរក្សបរិស្ថាន និងការរីកចម្រើនសេដ្ឋកិច្ច អាចដើរទន្ទឹមគ្នាបាន»។ តាមរយៈទស្សនវិជ្ជា «ទឹកថ្លា និងភ្នំបៃតង គឺជាទ្រព្យសម្បត្តិមហាសាល» តំបន់ជនបទដែលធ្លាប់តែហុយទ្រលោមដោយផ្សែងរោងចក្រស៊ីម៉ងត៍ និងការដ្ឋានរ៉ែ បានប្រែក្លាយខ្លួនមកជាតំបន់ទេសចរណ៍កម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលច្នៃប្រឌិតបៃតងគួរជាទីមោទនៈ។
សម្រាប់ «មជ្ឈមណ្ឌលពិព័រណ៍សមិទ្ធផលឫស្សីជំនួសប្លាស្ទិក» មានទីតាំងស្ថិតនៅក្នុងភូមិ Dazhuyuan សង្កាត់Lingfeng នៃស្រុក Anji លើផ្ទៃដី៥៥០ ម៉ែត្រការ៉េ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ដោយសារការប្រើប្រាស់ឫស្សីជំនួសប្លាស្ទិក ដើម្បីកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងធម្មជាតិ។ មជ្ឈមណ្ឌលនេះ មានដាក់តាំងបង្ហាញផលិតផលជាង ១ ០០០ មុខ រួមមាន សម្ភារៈតុបតែងពីឫស្សី របស់របរប្រើប្រាស់ប្រចាំថ្ងៃ អាហារកែច្នៃពីទំពាំង ផលិតផលសរសៃឫស្សី និងវត្ថុធាតុដើមថ្មីៗដែលច្នៃចេញពីឫស្សីប្រើជំនួសប្លាស្ទិក។

បើតាមការរៀបរាប់ពីតំណាងមជ្ឈមណ្ឌលពិព័រណ៍នេះបានឱ្យដឹងថា មជ្ឈមណ្ឌលនេះត្រូវបានបែងចែកជា ៨ តំបន់សំខាន់ខុសៗគ្នា រួមមាន៖ តំបន់ Fan Art Display , តំបន់ Tea Space, តំបន់សេវាកម្មអាហារវេចខ្ចប់, តំបន់តាំងបង្ហាញសម្ភារៈសំណង់ និងវត្ថុធាតុដើមថ្មីពីឫស្សី, តំបន់ បោះជំរុំ, តំបន់សិក្សា និងទទួលភ្ញៀវ, តំបន់វប្បធម៌ទេសចរណ៍ និង តំបន់ស្ថាបត្យកម្មពីឫស្សី។

ជាមួយគ្នានេះ ឫស្សីមិនត្រឹមតែសម្រាប់ធ្វើគ្រឿងសង្ហារឹម ឬម្ហូបអាហារ (ទំពាំង) ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាតួអង្គសំខាន់នៃ "សេដ្ឋកិច្ចបៃតង" ខណៈព្រៃឫស្សីមានសមត្ថភាពស្រូបយកឧស្ម័នកាបូនិច (CO2) បានល្អ។ នេះមានន័យថា អ្នកភូមិអាចរកលុយបានដោយគ្រាន់តែ "ដាំ និងថែរក្សាព្រៃឫស្សីឱ្យនៅបៃតង" នឹងទទួលបានចំណូលបន្ថែមជាង ២៨ លានយ័ន ក្នុងមួយឆ្នាំតាមរយៈឥណទានកាបូន (Carbon Credits) ដែលការគ្រប់គ្រង និងវាស់វែងលំហូរកាបូនឌីអុកស៊ីត (CO2 flux) និងលក្ខខណ្ឌអាកាសធាតុដោយប្រើឧបករណ៍ចាប់សញ្ញា (Sensors) បច្ចេកវិទ្យា IoT (Internet of Things) និង Big Data ជាច្រើនពាន់គ្រឿងនៅទូទាំងស្រុក Anji។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២៥ តម្លៃទិន្នផលនៃឧស្សាហកម្មឫស្សីនៅក្នុងស្រុកអានជីទាំងមូល រំពឹងថានឹងហក់ឡើងលើសពី ២០ ពាន់លានយ័ន៕



ដោយ៖ ទូចវលក័្ខណ





