AUF, CCIFC និង NUM សហការរៀបចំវេទិកាការងារខ្នាតតូចលើកទី១
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦—
សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) បានរៀបចំវេទិកាការងារខ្នាតតូចលើកទី១ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសាកលវិទ្យាល័យ ដោយសហការជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។
ក្នុងពិធីបើកវេទិកា លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងបានលើកទឹកចិត្តនិស្សិតឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សា ដើម្បីសម្រេចគោលដៅវិជ្ជាជីវៈឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងស្វែងយល់អំពីលក្ខខណ្ឌការងារក្នុងឱកាសដែលនិយោជកបានមកជួបពួកគេផ្ទាល់នៅក្នុងសាកលវិទ្យាល័យ។
លោក Charles JULLIARD នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានលើកទឹកចិត្តនិស្សិតឱ្យយកឱកាសនេះឱ្យបានពេញលេញ ដើម្បីសន្ទនាជាមួយក្រុមហ៊ុន និងយល់ដឹងកាន់តែច្បាស់អំពីការរំពឹងទុករបស់ពួកគេ។
លោកបានលើកឡើងថា៖ «ថ្ងៃនេះ គឺជាថ្ងៃរបស់អ្នក។ មិនមែនជាថ្ងៃរបស់វាគ្មិនទេ ហើយក៏មិនមែនជាថ្ងៃរបស់ក្រុមហ៊ុនទេ។ វាជាថ្ងៃរបស់អ្នក។ នេះជាឱកាសរបស់អ្នកក្នុងការចេញពីថ្នាក់រៀន ហើយចូលទៅក្នុងពិភពការងារពិតប្រាកដ»។
លោកបានបន្ថែមថា៖ «អ្នកមិនចាំបាច់ត្រូវល្អឥតខ្ចោះទេ ហើយក៏មិនចាំបាច់ត្រូវមានផែនការអនាគតរួចរាល់ទាំងអស់ទេ។ ប៉ុន្តែ អ្នកត្រូវបង្ហាញពីការចាប់ផ្តើមផ្ទាល់ខ្លួន។ ចូលទៅនិយាយជាមួយក្រុមហ៊ុន សួរសំណួរ និងណែនាំខ្លួនឯង»។
វេទិកាការងារខ្នាតតូចលើកទី១នេះ ទទួលបានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា និងរៀបចំឡើងនៅសាកលវិទ្យាល័យសមាជិកមួយនៃ AUF។ ក្នុងកម្មវិធី មានសិក្ខាសាលាអំពីអាជីពការងារ ការជួបជាមួយសំណេះសំណាលនិងចែករំលែកជាមួយនិយោជក និងស្តង់ព័ត៌មានអំពីឱកាសការងារ ដែលនិស្សិតអាចជួបពិគ្រោះផ្ទាល់អំពីបេក្ខភាព និងឱកាសផ្សេងៗរួមមានការចុះកម្មសិក្សា និងការងារជាដើម។ល។
កម្មវិធីនេះត្រូវបានគាំទ្រដោយហិរញ្ញប្បទាននៃគម្រោង Fonds d’Équipe France (FEF)នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។
ក្រុមហ៊ុនធំៗចំនួនបី គឺ Cambodia Airports (VINCI), Decathlon និង Skai Technology បានចូលរួមក្នុងសិក្ខាសាលាចែករំលែកស្តីអំពីអាជីពការងារ។ តំណាងរបស់ក្រុមហ៊ុនទាំងនេះបានបង្ហាញអំពីសកម្មភាព ផលិតផល ឬសេវាកម្ម ឱកាសហាត់ការ និងការងារ ព្រមទាំងចែករំលែកបទពិសោធន៍វិជ្ជាជីវៈផ្ទាល់ខ្លួន ដើម្បីជួយឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីពិភពការងារ និងជំនាញដែលត្រូវការក្នុងទីផ្សារការងារ។
បន្ទាប់ពីសិក្ខាសាលា ក៏មានការរៀបចំឱ្យនិស្សិតទៅទស្សនាស្តង់ការងារ។ ក្រុមហ៊ុនសមាជិកចំនួនប្រាំមួយនៃ CCIFC រួមមាន ALL DREAMS CAMBODIA, DECATHLON, CAMBODIA MONISUN CO., LTD Mintha Care (Cambodia) Co., Ltd Vinci, Skai Tech បានបង្កើតស្តង់ ដើម្បីផ្តល់ព័ត៌មានអំពីឱកាសហ្វឹកហាត់ការនិងការងារ ឆ្លើយសំណួរ និងក្នុងករណីខ្លះ ក៏បានចាប់ផ្តើមពិនិត្យឯកសារដាក់ពាក្យរបស់និស្សិតផងដែរ។
ដោយមានការគាំទ្រពីស្ថានទូតបារាំង សកម្មភាពជាច្រើនទៀតនឹងត្រូវរៀបចំឡើង ដើម្បីជួយដល់យុវជនក្នុងការអភិវឌ្ឍជំនាញនិងស្មារតីសហគ្រិនភាពដើម្បីទទួលបានការងារ និងជួយដល់យុវជនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសរបស់ខ្លួន។ ក្នុងក្របខ័ណ្ឌនេះ វេទិកាការងារខ្នាតតូចលើកទី២ ត្រូវបានគ្រោងនឹងរៀបចំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕




ដោយ ផែន រតនៈ





