ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ គូសបញ្ជាក់ថា អង្គការសម្ព័ន្ធពិភពឥស្លាមអារ៉ាប៊ីសាអូឌីត ផ្តល់ជំនួយមនុស្សធម៌ដោយ មិនប្រកាន់និន្នាការសាសនានោះទ្បើយ
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាសមាជិកឧត្តមក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) បានគូសបញ្ជាក់ថា ស្មារតីនៃជំនួយមនុស្សធម៌របស់អង្គការសម្ព័ន្ធពិភពឥស្លាម គឺឈរលើគោលការណ៍សកលលោក ដោយមិនមានការរើសអើង ឬប្រកាន់និន្នាការសាសនាឡើយ ពោលគឺផ្តល់ជូនដល់ជនរងគ្រោះ និងអ្នកខ្វះខាតគ្រប់រូប។ ការគូសបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រីបែបនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះចែកអំណោយកញ្ចប់អាហារ ជូនដល់គ្រួសារពលរដ្ឋភៀសសឹកចំនួន ១ ៦០០ គ្រួសារ មកពីភូមិជោគជ័យ ភូមិព្រៃចាន់ និងភូមិត្រពាំងសំរោង ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ ចំពោះអំណោយទាំងនេះ គឺជាការឧបត្ថម្ភពីអង្គការសម្ព័ន្ធពិភពឥស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។


ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ក្នុងចំណោមគ្រួសារដែលទទួលអំណោយចំនួន ១ ៦០០ គ្រួសារ នាថ្ងៃនេះ មានបងប្អូនខ្មែរឥស្លាមត្រឹមតែ ៧ គ្រួសារប៉ុណ្ណោះ ខណៈដែលក្រៅពីនោះគឺជាបងប្អូនខ្មែរដែលកាន់ព្រះពុទ្ធសាសនាទាំងអស់។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «នេះជាសក្ខីភាពបង្ហាញថា ជំនួយគឺធ្វើឡើងដើម្បីជួយដល់បងប្អូនរួមជាតិដែលជួបការលំបាកពិតៗ»។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា អង្គការ MWL តែងតែមានវត្តមានជួយដល់កម្ពុជាក្នុងគ្រាអាសន្ន ដូចជាកាលពីគ្រោះទឹកជំនន់កន្លងទៅ ដែលបានចែកអំណោយជូនពលរដ្ឋជាង ៥ ០០០ គ្រួសារ នៅតាមបណ្តាខេត្តដូចជា ខេត្ដបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងរាជធានីភ្នំពេញ ដែលភាគច្រើនលើសលប់នៃអ្នកទទួលអំណោយក៏មិនមែនជាអ្នកកាន់សាសនាឥស្លាមដែរ។


ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានរម្លឹកពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពីស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋ ពិសេសនៅតំបន់ព្រំដែន និងខេត្តព្រះវិហារ ដើម្បីកៀរគរជំនួយពីសប្បុរសជនអន្តរជាតិមកជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយជាពិសេសសហគមន៍ឥស្លាមក៏បានចូលរួមចំណែកក្នុងកៀរគរជំនួយ ដើម្បីជួយដល់វីរៈកងទ័ព និងជនភៀសសឹកផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះឱកាសក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបម្រើ និងផ្តល់ជំនួយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ ហើយការចុះមកជួបផ្ទាល់នេះ ធ្វើឱ្យឯកឧត្តមបានឃើញកាន់តែច្បាស់នូវស្ថានភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ។


ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាឱ្យមានភាពកាន់តែប្រសើរឡើងសម្រាប់ការរស់នៅរបស់បងប្អូនពលរដ្ឋភៀសសឹក ក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ននេះ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានថ្លែងអំណរអរគុណ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ និងថ្នាក់ដឹកនាំអង្គការសម្ព័ន្ធពិភពឥស្លាម ដែលបានរួមចំណែកក្នុងការសម្រាលការលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ភៀសសសឹក តាមរយៈការផ្តល់ជាអំណោយឧបភោគបរិភោគ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរដល់ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដែលមានភាពសកម្មយ៉ាងខ្លាំងក្នុងការកៀរគរជំនួយពីក្រៅប្រទេស ដើម្បីមកជួយកម្ពុជា៕
ដោយ៖ រិទ្ធី





