ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីឈ្វេងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៦ -- ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្ដម ស្តេវេន ប៉ាង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃអង្គារទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ។

ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលភូមិសាស្ត្រ វិទ្យាសាស្ត្រខេត្តព្រះសីហនុ ព្រមទាំងបានស្មើសុំការគាំទ្រជួយជំរុញអ្នកវិនិយោគសិង្ហបុរីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុ ព្រោះខេត្តព្រះសីហនុមានផ្លូវគមនាគមន៍ ដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ពិភពលោក។ រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ព្រមទាំងប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់ឡូជីស្ទីក និងសេវាដឹកជញ្ជូនទំនើប តំបន់ទីក្រុងសមាហរណ្មកម្ម និងតំបន់ទេសចរណ៍ធម្មជាតិតាមកោះ។

ស្របពេលដែលខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាសាងសង់ផ្លូវក្នុងក្រុងបានជាច្រើនខ្សែ ហើយយើងកំពុងជំរុញការដាំដើមឈើឱ្យក្លាយជាទីក្រុងបៃតង និងទីក្រុងឆ្លាតវៃមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្តោតសំខាន់ចំនួនពីរ គឺទីមួយការលើកលែងផ្នែកពន្ធ និងទីពីរជួយសម្រួលផ្នែករដ្ឋបាល។

ឯកឧត្ដមអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ទំនាក់ទំនងប្រទសកម្ពុជា និងសិង្ហបុរី ជាខួបឆ្នាំទី៦១ ទំនាក់ទំនងការទូត។ កម្ពុជាជាប្រទេសទីមួយដែលទទួលស្គាល់ឯករាជ្យប្រទេសសិង្ហបុរីដែលបានផ្តាច់ចេញពីប្រទេសម៉ាឡេស៊ីនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៦៥ ហើយប្រទេសទាំងពីរបានភ្ចាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥ ដែលធ្វើឱ្យទំនាក់ទំនងកម្ពុជា និងសិង្ហបុរីកាន់តែខ្លាំងនៅទស្សវត្សចុងក្រោយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៀងទាត់ទៅវិញទៅមករបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការងារថាមពលស្អាត ឌីជីថល ការអភិវឌ្ឍទីក្រុង ព្រមទាំងកិច្ចសហប្រតិបត្តិការថ្មីៗ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបៃតង។

ឯកឧត្ដម ស្តេវេន ប៉ាង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណគុណចំពោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានស្វាគមន៍រូបលោក និងសហការីមកទស្សនកិច្ចនៅខេត្តព្រះសីហនុជាខេត្តទីមួយ ដោយមានហេតុផលចំនួន៣ ក្នុងនោះ ១.ខេត្តព្រះសីហនុជាទីតាំងដែលមានសារសំខាន់នៃការចាប់ពីផ្តើមពីមូលដ្ឋានគ្រឹះ ដែលកសាងឡើងដោយសម្តេចព្រះករុណា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងការអភិវឌ្ឍបន្តដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ២.ខេត្តព្រះសីហនុ ជាទីក្រុងកំពង់ផែពាណិជ្ជកម្មមានភាពរីកចម្រើន កំពង់ផែព្រះសីហនុជាកំពង់ផែទឹកជ្រៅរបស់កម្ពុជា និងជាច្រកនាំចេញនាំចូលទៅកាន់ពិភពលោក ធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរថែមទៀត ៣.នៅថ្ងៃស្អែកយើងនឹងទៅចូលរួមប្រលែងសត្វអណ្តើកសមុទ្រនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាសត្វអណ្តើកសមុទ្រកម្រ និងជិតផុតពូជ។

ឯកឧត្តមឯកអគ្គរដ្ឋទូតសឹង្ហបុរី បានបញ្ជាក់ពីគោលបំណងដែលមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីការវិនិយោគនៅកម្ពុជា ជាពិសេសការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីបង្កើនពាណិជ្ជកម្មដឹកជញ្ជូន ជាពិសេសកានាំម្ហូបអាហារពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ក៏ដូចជាការនាំចេញទៅកាន់ទីផ្សារប្រទេសផ្សេងៗទៀត។

ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិប្តិការលើវិស័យសេដ្ឋកិច្ចបៃតង ថាមពល បច្ចេកទេស និងហេដ្ឋារចនាសម្ពន្ធ ហើយដំណើទស្សនកិច្ចនាពេលនេះបានរួមចំណែកដល់ការជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍនធនធានមនុស្សនៅខេត្តព្រះសីហនុ៕
ដោយ៖ ងូ សុមុនី





