ក្រុមការងារត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ របស់ អាជ្ញាធរទន្លេសាប ត្រួតពិនិត្យការធ្វើអាជីវកម្ម វាយតម្លៃពីការកែច្នៃត្រី នៅស្រុកឯកភ្នំ
AKP ភ្នំពេញ ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៦ -- ក្រុមការងារការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិរបស់អាជ្ញាធរទន្លេសាប នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ បានចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រី ស្ថិតនៅឃុំព្រែកខ្ពប ឃុំព្រែកនរិន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ និងសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សកម្មភាពចុះសិក្សាស្រាវជ្រាវ និងវាយតម្លៃពីការកែច្នៃត្រីនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរទន្លេសាប។ ការសិក្សានេះមានសារៈសំខាន់ដែលអាចឱ្យយើងដឹងពីស្ថានភាពនៃធនធានជលផល ស្ថានភាពនៃការធ្វើអាជីវកម្មធនធានជលផល ដឹងពីបរិមាណនៃផលចាប់របស់អ្នកនេសាទ ភាពសម្បូររបស់ត្រី ដឹងពីបរិមាណត្រីយកមកកែច្នៃ បច្ចេកទេសនៃការកែច្នៃ ចរន្តទីផ្សារ បញ្ហាប្រឈម និងផលប៉ះពាល់នៃការធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងតំបន់បឹងទន្លេសាប។

ក្នងពេលចុះសិក្សាស្រាវជ្រាវនេះ ក្រុមការងាររបស់អាជ្ញាធរទន្លេសាប បានចុះជួបជាមួយ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ជួបសម្ភាសន៍ជាមួយអ្នកកែច្នៃត្រី និងសម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី៕

ដោយ៖ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





