ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៩៩គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ព្រមទាំងសហការី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៩៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅ ក្នុងនោះ ស្រុកគាស់ក្រឡ ប៉ះពាល់លើភូមិចំនួន១៧ ឃុំចំនួន៥ ប្រជាពលរដ្ឋរងគ្រោះសរុបចំនួន ៩៩ខ្នងផ្ទះ ប៉ះពាល់ធ្ងន់ធ្ងរចំនួន ៦៦ខ្នងផ្ទះ និងប៉ះពាល់ដោយអន្លើចំនួន៣៣ខ្នង។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក៏បានសំណូមពរ និងក្រើនរំលឹកដល់បងប្អូនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតចំពោះគ្រោះមហន្តរាយដោយធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះដើមរដូវវស្សាជិត មកដល់ហើយ។

គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងត្រីខ ឃីត ដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង់១ និងថវិកាមួយចំនួនផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





