សិក្ខាសាលាស្តីពី «ការបញ្ជ្រាបការយល់ដឹងពីសិទ្ធិជាមូលដ្ឋាននៃរបបសន្តិសុខសង្គម» ជូនដល់សិស្ស និស្សិត
AKP ត្បូងឃ្មុំ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦-- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយ ស្តីពី «ការបញ្ជ្រាបការយល់ដឹងពីសិទ្ធិជាមូលដ្ឋាននៃរបបសន្តិសុខសង្គម» ជូនដល់សិស្ស និស្សិត ដែលជាកម្លាំងពលកម្មសក្តានុពល ដើម្បីត្រៀមខ្លួនឈានជើងចូលក្នុងទីផ្សារការងារ ប្រកបដោយភាពជឿជាក់ និងកិច្ចការពារផ្នែកសុខភាព នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក សោម សុខធី អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងលោក យ៉ាន់ សុខា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ លោក យ៉ាន់ សុខា បានគូសបញ្ជាក់ថា វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។ លោកបានសង្កត់ធ្ងន់លើកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលជាឱកាសមាសសម្រាប់យុវជនក្នុងការទទួលបាន ការសិក្សាដោយមិនបង់ថ្លៃ និងមានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀលក្នុងមួយខែផងដែរ។

លោកនាយកមជ្ឈមណ្ឌលក៏បានអំពាវនាវដល់អាណាព្យាបាលឱ្យជំរុញកូនចៅមកចុះឈ្មោះចូលរៀនឱ្យបានច្រើនកុះករ ដើម្បីទទួលបានជំនាញពិតប្រាកដ និងចំណូលទៀងទាត់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។

ទន្ទឹមនឹងការផ្តល់ចំណេះជំនាញ លោក យ៉ាន់ សុខា ក៏បានលើកឡើងពីសារៈសំខាន់នៃរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជារបាំងការពារសុខភាពដ៏រឹងមាំសម្រាប់កម្មករ និយោជិត និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ក្នុងបទបង្ហាញយ៉ាងស៊ីជម្រៅ លោក សោម សុខធី តំណាង ប.ស.ស. បានលើកឡើងថា បច្ចុប្បន្ន ប.ស.ស. កំពុងគ្របដណ្តប់លើសមាជិកជាង ៣,៦ លាននាក់ រួមមានទាំងមន្ត្រីសាធារណៈ បុគ្គលិកវិស័យឯកជន បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក។ លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយដល់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាយុទ្ធសាស្ត្រគន្លឹះ ស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីឱ្យយុវជនដែលជាអ្នកបន្តវេន បានយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ឆ្ពោះទៅរកការសម្រេចឱ្យបាននូវ «ការគ្របដណ្តប់សុខភាពជាសកល»។
គួរបញ្ជាក់ដែរថា សិក្ខាសាលានេះ មិនត្រឹមតែជាការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរៀបចំគ្រឹះដ៏រឹងមាំសម្រាប់យុវជនខេត្តត្បូងឃ្មុំ ឱ្យក្លាយជាធនធានមនុស្សដែលមានទាំង «ជំនាញបច្ចេកទេសច្បាស់លាស់» និង «ការយល់ដឹងពីសិទ្ធិគាំពារសង្គម» ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព៕
ដោយ AKP





