អគ្គនាយកដ្ឋានពន្ធនាគារពង្រឹងវិន័យដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដល់មន្ត្រីពន្ធនាគារ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦--ក្នុងស្មារតីនៃការទទួលខុសត្រូវលើដែនសមត្ថកិច្ចក្នុងការអនុវត្តគោលការណ៍ និងអនុសាសន៍ណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់តាំងអនុវត្តឱ្យក្លាយជាសកម្មភាពការងារជាក់ស្ដែង ប្រកបដោយប្រសិទ្ធផល ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដល់មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យអនុវត្តដូចជា៖ ១-ត្រូវបន្តរៀបចំកិច្ចប្រជុំពង្រឹងការគ្រប់គ្រង និងវិន័យដល់មន្ត្រីក្រោមឱវាទទាំងអស់ឱ្យបានជ្រួតជ្រាបគ្រប់ៗគ្នា ដើម្បីធានាថាមន្ត្រីមានការយល់ដឹងច្បាស់ និងអនុវត្តតួនាទីភារកិច្ចបានត្រឹមត្រូវស្របតាមនិតិវិធីដែលបានកំណត់ ក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីកិច្ចប្រជុំនេះរួច ត្រូវធ្វើរបាយការណ៍ ស្តីពីលទ្ធផលនៃការផ្សព្វផ្សាយអនុវត្ត បញ្ជូនមកអគ្គនាយកដ្ឋាន តាមរយៈនាយកដ្ឋានរដ្ឋបាលសរុប ដើម្បីបូកសរុបរបាយការណ៍ជូនក្រសួងមហាផ្ទៃ។

២-ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យវត្តមានមន្ត្រីក្រោមឱវាទទាំងអស់ ក្នុងករណីមានមន្ត្រីណាម្នាក់ឈប់លើសគោលការណ៍កំណត់ ត្រូវរៀបចំបែបបទស្នើសុំដើម្បីអនុវត្តទណ្ឌកម្មវិន័យឱ្យបានម៉ឺងម៉ាត់បំផុត។ ទន្ទឹមនេះ ត្រូវបញ្ជូនរបាយការណ៍ស្តីពីវត្តមានមន្ត្រីមកបំពេញការងារប្រចាំថ្ងៃ ប្រចាំខែឱ្យបានទៀងទាត់ មកអគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈនាយកដ្ឋានរដ្ឋបាលសរុប ដើម្បីបូកសរុបជូនក្រសួងមហាផ្ទៃ។ ៣-ត្រូវបន្តអនុវត្តទណ្ឌកម្មខាងវិន័យចំពោះមន្ត្រីណាដែលបានប្រព្រឹត្តបទល្មើសទាក់ទងនឹងគ្រឿងញៀនខុសច្បាប់ ការកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ គឺត្រូវទទួលទណ្ឌកម្មខាងវិន័យ ឬបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង។ បន្ថែមពីនេះ ត្រូវបន្តយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទទាំងអស់ត្រូវមានកម្មវិធីទូរស័ព្ទដៃ NoDrug App គ្រប់ៗគ្នា (តាមការណែនាំរបស់ក្រសួង)។ ៤-ត្រូវពង្រឹងការអនុវត្តទណ្ឌកម្មខាងវិន័យឱ្យបានម៉ឺងម៉ាត់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងផ្អែកលើអង្គហេតុរបស់សាមីខ្លួនដែលបានប្រព្រឹត្តល្មើស និងអំពើឆ្គាំឆ្គងក្នុងវិជ្ជាជីវៈរបស់មន្ត្រីរាជការ។ ៥-ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវចេះប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលតាមតម្រូវការចាំបាច់ក្នុងការបម្រើការងារប្រចាំថ្ងៃ ដើម្បីឱ្យស្របតាមការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន។ ៦-ត្រូវបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យ និងតាមដានការអនុវត្តភារកិច្ចរបស់មន្ត្រីក្រោមឱវាទតាមរយៈការៀបចំប្រព័ន្ធគ្រប់គ្រង និងវាយតម្លៃលទ្ធផលការងារឱ្យបានច្បាស់លាស់ ដើម្បីធានាថាមន្ត្រីក្រោមឱវាទបំពេញភារកិច្ចដោយមានការទទួលខុសត្រូវខ្ពស់ និងចៀសវាងការចាត់តាំងមន្ត្រីបំពេញភារកិច្ចខុសសមត្ថកិច្ចដែលបានកំណត់។៧-នាយកដ្ឋានរដ្ឋបាលសរុបត្រូវសហការជាមួយអង្គភាពចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រី ដោយជំរុញឱ្យអនុវត្តការប្រើប្រាស់កម្មវិធីវត្តមានរបស់អគ្គនាយកដ្ឋាន ក៏ដូចជាក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដែលក្រសួងមហាផ្ទៃបានដាក់ឱ្យដំណើរការ។ ៨-គ្រប់អង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានពន្ធនាគារត្រូវបន្តយកចិត្តទុកដាក់ជំរុញ ត្រួតពិនិត្យការស្លៀកពាក់ឯកសណ្ឋាន សញ្ញាសម្គាល់ និងការគោរពគំនាប់ជាប្រចាំនៅតាមអង្គភាពរបស់ខ្លួន។ ៩-គ្រប់អង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានពន្ធនាគារត្រូវបន្តយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិកំណត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងពង្រឹងសាមគ្គីភាពរវាងអង្គភាព និងអង្គភាព។ ១០-នៅពេលខាងមុខនេះ អង្គភាពទាំងអស់ត្រូវដាក់ម៉ាស៊ីនស្កេនវត្តមានមន្ត្រីឱ្យបានគ្រប់អង្គភាព ដើម្បីពង្រឹងការអនុវត្តវិន័យ និងលើកកកម្ពស់ប្រសិទ្ធភាពការងាររបស់អង្គភាពនីមួយៗ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





