ក្រសួងមហាផ្ទៃកម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថលជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦-- ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានជួបប្រជុំស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូតំណាងសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរវាងរបស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យាវិជ្ជាជីវៈណាននីង ក្នុងការបណ្តុះបណ្តាលជំនាញបញ្ញាសិប្បនិម្មិត (AI) និងអាកាសយាន្តគ្មានមនុស្សបើក(ដ្រូន) ក៏ដូចជាការអភិវឌ្ឍទេពកោសល្យរួមគ្នា ការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហការរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអប់រំ ព្រមទាំងការឈ្វេងយល់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀតផងដែរ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





