ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣បានឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ
AKP កណ្ដាល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣នាពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់ និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅទូទាំងប្រទេស។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣៣គីឡូម៉ែត្រ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក នៃភូមិសាស្រ្តខេត្តកណ្តាល។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងគ្រប់នីតិកាលតែងតែយកចិត្តចាត់ទុកការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាអាទិភាពគន្លឹះ និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសផ្លូវស្ពាននេះ គឺជាសរសៃឈាមនៃសរីរាង្គសេដ្ឋកិច្ចរបស់ប្រទេស ស្របតាមទិសស្លោកដ៏ពិសិដ្ឋរបស់សម្ដេចតេជោ ហ៊ុន សែន គឺមានផ្លូវ និងស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

បើតាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ការសម្ពោធផ្លូវជាតិលេខ២៣នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកស្រុកកោះធំ និងស្រុកលើកដែក តាមរយៈការជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងងាយស្រួលក្នុងការដឹកជញ្ជូនកសិផល និងទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុក និងទៅតំបន់ផ្សេងទៀត។
លើសពីនេះទៀត កំណាត់ផ្លូវនេះ ក៏នឹងជួយលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម តាមច្រកព្រំដែនសំខាន់ៗដូចជា៖ ច្រកព្រំដែនជ្រៃធំ-ឡុងប៊ិញ តាមរយៈផ្លូវជាតិលេខ២១ និងច្រកព្រំដែនក្អមសំណ-វិញសឿង ហើយក៏បានភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ និងតំបន់ទីប្រជុំជនសំខាន់ដទៃទៀតផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ២៣នេះ មានប្រវែង ១៩,៨៣៣គីឡូម៉ែត្រ ចាប់ផ្តើមពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រ លេខ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះមានទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ត និងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅមក)។

បន្ថែមពីលើនេះ គម្រោងនេះរួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន ៣កន្លែង ប្រវែងសរុប ១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទ កាត់ទទឹងផ្លូវចំនួន ៤៨កន្លែង និងលូតាមប្រឡាយផ្លូវចំនួន ៨កន្លែងប្រវែងសរុប ២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន ៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញាគូសគំនូសសញ្ញា ដាំបង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ ក៏មានការស្ថាបនារង្វង់មូល ១កន្លែង នៅត្រង់ចំណុចផ្លូវប្រសព្វទិសចុះពីស្ពានកោះធំ ដើម្បីសម្រួល និងបញ្ចៀសទិសដៅចរាចរណ៍ទៅ-មក ប្រកបដោយសុវត្ថិភាពផងដែរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សួស សាវី





