ថាមពលពន្លឺព្រះអាទិត្យលើដំបូលជាសសរស្តម្ភថ្មីនៃការផ្លាស់ប្តូរថាមពលរបស់ប្រទេសឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- ក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមរោងចក្រថាមពលពន្លឺព្រះអាទិត្យលើដំបូលទំហំ ១,៣ជីហ្គាវ៉ាត់ (GW) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លឿនការផ្លាស់ប្តូរថាមពលជាតិ។
គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានអនុវត្តរួមគ្នាជាមួយក្រុមហ៊ុនអគ្គិសនីរដ្ឋPT PLN និងសមាគមថាមពលពន្លឺព្រះអាទិត្យឥណ្ឌូណេស៊ី (AESI)។
លោក អាម៉ាដ អាមីរុតឌីន (Ahmad Amiruddin) នាយកអភិវឌ្ឍន៍កម្មវិធីអគ្គិសនីរបស់ក្រសួង បាននិយាយថា ព្រឹត្តិការណ៍ដ៏សំខាន់នេះបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យជាតិនៃការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យចំនួន ១០០ជីហ្គាវ៉ាត់ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។
លោក អាមីរុតឌីន បានពន្យល់បន្ថែមទៀតថា គំនិតផ្តួចផ្តើមថាមពលពន្លឺព្រះអាទិត្យលើដំបូលទំហំ ១,៣ជីហ្គាវ៉ាត់ ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិ រួមទាំងការគាំទ្រដល់ការអនុវត្តផែនការអាជីវកម្មផ្គត់ផ្គង់អគ្គិសនីឆ្នាំ២០២៥-២០៣៤ (RUPTL) របស់ក្រុមហ៊ុនរដ្ឋ PLN និងការបង្កើនល្បាយថាមពលកកើតឡើងវិញ។
គំរូនេះត្រូវបានគេរំពឹងថានឹងត្រូវបានអនុវត្តយ៉ាងទូលំទូលាយតាមរយៈគំនិតផ្តួចផ្តើមដែលមានមូលដ្ឋាននៅភូមិ និងសហប្រតិបត្តិការទូទាំងប្រទេសដោយហេតុពង្រីកការទទួលបានអគ្គិសនីស្អាតទូទាំងប្រទេស។
គម្រោងនេះមិនត្រឹមតែបម្រើដល់គោលដៅថាមពលប៉ុណ្ណោះទេថែមទាំងដាក់គ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងផងដែរ ខណៈដែលកំពុងលើកកម្ពស់តួនាទីរបស់ប្រទេសឥណ្ឌូណេស៊ីនៅក្នុងដំណើរការផ្លាស់ប្តូរថាមពលរបស់តំបន់អាស៊ីអាគ្នេយ៍។
ទន្ទឹមនឹងនេះ លោកស្រី ម៉ាដា អាយុ ហាប់សារី (Mada Ayu Habsari) ប្រធានសមាគម AESI បានសង្កត់ធ្ងន់ថា ថាមពលពន្លឺព្រះអាទិត្យលែងគ្រាន់តែជាបញ្ហាសក្តានុពលទៀតហើយ ប៉ុន្តែបានក្លាយជាភាពចាំបាច់ជាតិជាយុទ្ធសាស្ត្រ ដែលតម្រូវឱ្យមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធទាំងអស់។
ការផ្សព្វផ្សាយថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់ប្រទេសឥណ្ឌូណេស៊ី ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបន្តិចម្តងៗពីគំរូថាមពលកណ្តាលទៅជាគំរូវិមជ្ឈការ ដោយទាញយកអត្ថប្រយោជន៍ពីធនធានព្រះអាទិត្យដ៏សម្បូរបែបខណៈដែលកាត់បន្ថយសម្ពាធទៅលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថាមពលទ្រង់ទ្រាយធំ។ វិធីសាស្រ្តនេះអាចក្លាយជាសសរស្តម្ភសំខាន់ក្នុងការជួយប្រទេសឥណ្ឌូណេស៊ីសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូនរបស់ខ្លួន និងធានាបាននូវសន្តិសុខថាមពលរយៈពេលវែង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





