បិទការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្រិតសកល នៃកម្មវិធីពានរង្វាន់អន្តរជាតិសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៦ បានអញ្ជើញបិទការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្រិតសកល នៃកម្មវិធីពានរង្វាន់អន្តរជាតិសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្ដីរីករាយដែលកម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃកម្មវិធីដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងដើម្បីលើកកម្ពស់ និងបំផុសគំនិតដល់អ្នកច្នៃ ប្រឌិតជំនាន់ក្រោយ បណ្ដុះកិច្ចសហការឆ្លងដែន និងឆ្លងវិស័យ ដែលជួយពង្រឹងតួនាទីរបស់កម្ពុជានៅក្នុងប្រព័ន្ធអេកូឡូ ស៊ីនវានុវត្តន៍សកល។

ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាលាអន្តរជាតិ ផារ៉ាហ្គន និងលេខាធិ ការដ្ឋាន SEAMEO ដែលបានសហការយ៉ាងល្អជាមួយស្ថានទូតឥណ្ឌូណេស៊ី និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឱ្យសម្រេចបានជោគជ័យ ឆ្លុះបញ្ចាំងពីស្មារតីសកលនៃការច្នៃប្រឌិត នវានុវត្តន៍ និងកិច្ចសហការគ្នាក្នុងគោលដៅរួម ដើម្បីស្វែងរកចំណេះ ដឹង និងភាពរីកចម្រើនក្នុងពិភពនៃការ អប់រំ STEAM បញ្ញាសិប្បនិម្មិត (AI) និងសហគ្រិនភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចូលរួមអបអរសាទរម្ចាស់ជ័យ លាភីដែលទទួលបានពានរង្វាន់ទាំងអស់ ចំពោះការសម្រេចបានសមិទ្ធផលដ៏ត្រចះត្រចង់បម្រើដល់ប្រយោជន៍មនុស្ស ជាតិ និងបានលើកទឹកចិត្តឱ្យយុវជន ទាំងអស់បន្តស្មារតីចង់ចេះ ចង់ដឹង ប្រកបដោយភាពធន់ និងឆន្ទៈតស៊ូ ដើម្បីក្លាយជាមូលធនមនុស្សចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។

គួរបញ្ជាក់ថា កម្មវិធីពានរង្វាន់អន្តរជាតិសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍ គឺជាវេទិកាសកលដែលបង្កើតឡើងស្របតាមទិវាពិភពលោកសម្រាប់ការច្នៃប្រឌិត និងនវានុវត្តន៍របស់អង្គការសហប្រជាជាតិ ដើម្បីអបអរសាទរតួនាទីនៃនវានុវត្តន៍ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព ហើយសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្រិតសកលនៅកម្ពុជានេះ បេក្ខជនត្រូវបានជ្រើសរើសយ៉ាងសម្រិត សម្រាំងចេញពីការប្រកួតថ្នាក់ជាតិចំនួន ៣៣កម្មវិធីមកពី ២៧ប្រទេស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





