ឥណ្ឌូណេស៊ីបង្កើនការល្បាតតាមសមុទ្រដើម្បីរក្សាសន្តិសុខតាមសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូណេស៊ី (Bakamla) រក្សាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រតាមរយៈការល្បាតបីប្រភេទ រួមទាំងកិច្ចសហប្រតិបត្តិការឆ្លងដែន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែនសមុទ្រអាស៊ីអាគ្នេយ៍។
បន្ថែមពីលើការល្បាតឯករាជ្យដែលត្រូវបានធ្វើឡើងពេញមួយឆ្នាំទីភ្នាក់ងារ Bakamla កំពុងធ្វើការល្បាតរួមគ្នាជាមួយភ្នាក់ងារក្នុងស្រុក ដូចជាកងទ័ពជើងទឹកឥណ្ឌូណេស៊ី អង្គភាពឃ្លាំមើលដែនសមុទ្រ និងដឹកជញ្ជូន(KPLP) ប៉ូលិសជាតិឥណ្ឌូណេស៊ី (Polri) ក៏ដូចជាគយ និងរដ្ឋាករ និងអន្តោប្រវេសន៍ជាដើម។
ឧត្តមនាវីឯក អ៊ីវែនស៊ីយ៉ាហ៍ (Irvansyah) ប្រធានទីភ្នាក់ងារ Bakamla បាននិយាយថា ការល្បាតរួមគ្នាទាំងនេះត្រូវបានធ្វើឡើងជាប្រចាំជារៀងរាល់ឆ្នាំនៅទូទាំងតំបន់ទាំងអស់ពីភាគខាងលិច កណ្តាល និងខាងកើត។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកបានបន្តថា ឥណ្ឌូណេស៊ីក៏ធ្វើការល្បាតរួមគ្នាជាមួយបណ្តាប្រទេសដទៃទៀតនៅអាស៊ាន ដូចជាប្រទេសម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម។
នៅក្នុងការវិវឌ្ឍដាច់ដោយឡែកមួយ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា ខ្លួនមិនមានគម្រោងដាក់ថ្លៃសេវាលើនាវាដែលឆ្លងកាត់ច្រកសមុទ្រម៉ាឡាកាទេ បន្ទាប់ពីការកត់សម្គាល់ថ្មីៗដែលទាក់ទាញការចាប់អារម្មណ៍ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភើបាយ៉ា យ៉ុដហ៊ី ដាដេវ៉ា (Purbaya Yudhi Sadewa)៕





