ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញពិនិត្យបណ្តាញអគ្គិសនីតភ្ជាប់ពីក្រុងកោះរ៉ុង មកភូមិកោះរ៉ុងសន្លឹម
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស និងអាជ្ញាធរក្រុងកោះរ៉ុងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង និងពិនិត្យការតភ្ជាប់បណ្តាញអគ្គិសនីរដ្ឋមកភូមិកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានឱ្យដឹងថា តាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ ផ្តោតការយកចិត្តទុក ដាក់ទៅលើធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយតំបន់កោះរបស់យើង ពីដើមឡើយមិនមានភ្លើងរដ្ឋប្រើប្រាស់ ប្រើតែភ្លើងឯកជន តែឥឡូវនេះ ភ្លើងរដ្ឋបានតភ្ជាប់មកកាន់ភូមិកោះរ៉ុង សន្លឹម និងកំពុងតភ្ជាប់ជូនប្រជាពលរដ្ឋ។ ហើយភ្លើងនេះទៀតសោត គឺតចេញពីតារាសាគរ ខេត្តកោះកុង ភ្ជាប់មកកាន់ក្រុងកោះរ៉ុង រួចបន្តភ្ជាប់មកភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋនៅលើកោះ ដែលពីមុន ប្រើភ្លើងឯកជនដែលមាន តម្លៃខ្ពស់។ ភ្លើងរដ្ឋដែលតភ្ជាប់មកនេះមានតម្លៃក្នុងមួយគីឡូវ៉ាត់ ៧២០រៀល ធ្វើឱ្យតម្លៃនៃការប្រើប្រាស់ភ្លើងរដ្ឋជួយកាត់នបន្ថយការចំណាយបានកាន់តែច្រើន។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញ និងយកចិត្តទុកដាក់ចំពោះបងប្អូនអ្នកកោះ ក្នុងការតភ្ជាប់បណ្ដាញអគ្គីសនីក្រោមបាតសមុទ្រមកពីតារាសាគរ ខេត្តកោះកុង មក ដល់ក្រុងកោះរ៉ុង រួចបន្តមក ដល់ភូមិកោះរ៉ុងសន្លឹមនាពេលនេះ ដែលមានកម្លាំង ៣៥KV និងប្រើប្រាស់បណ្តាញខ្សែកាបបាតសមុទ្រមានប្រវែងជាង ៧គីឡូម៉ែត្រ និងដាក់ប្រើប្រាស់នៅខែមេសា ឆ្នាំ២០២៦នេះ ដែលជាតម្រូវការប្រើប្រាស់ចាំបាច់របស់ប្រជាពលរដ្ឋក្នុងភូមិកោះរ៉ុងសន្លឹម។ ទន្ទឹមនោះ ឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាបណ្តាញខ្សែកាបបាតសមុទ្រ ព្រោះវាជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋអ្នកកោះ។

ជាមួយគ្នានោះដែរ លោក គង់ ឈុន ប្រជាពលរដ្ឋភូមិ កោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម បានឱ្យដឹងថា កាលពីមុនយើងប្រើប្រាស់ភ្លើងឯកជនក្នុងមួយគីឡូវ៉ាត់ថ្លៃ ២ ៩០០រៀល ក៏ប៉ុន្តែមកដល់ ពេលនេះភ្លើងរដ្ឋចូលមកដល់តម្លៃមួយគីឡូវ៉ាត់ តែ៧២០រៀល ជួយកាត់បន្ថយថ្លៃភ្លើងបានច្រើន ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចទាំងទ្វេ ដែលបានជួយតបណ្តាញអគ្គិនីសមកដល់តំបន់កោះរបស់យើងខ្ញុំ ជាពិសេសដោយមានការជួយសម្របសម្រួលពីអាជ្ញាធរខេត្តក្នុងការតភ្ជាប់បណ្តាញអគ្គិសនីមកកាន់តំបន់កោះធ្វើឱ្យប្រជាពល រដ្ឋតំបន់កោះមានអគ្គិសនីរដ្ឋប្រើប្រាស់ដូចប្រជាពលរដ្ឋនៅលើគោកផងដែរ។
សូមរម្លឹកថា ភូមិកោះរ៉ុងសន្លឹម មានប្រជាពលរដ្ឋរស់នៅចំនួន៣៩០គ្រួសារ ស្មើនឹង ១ ១៣២នាក់ (ស្រី៥៦៦នាក់)៕
ដោយ ងូ សុមុនី





