ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយADB និងUNCDF រៀបចំពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០
AKPភ្នំពេញថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៦– ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) រៀបចំពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០។
ធនាគារជាតិនៃកម្ពុជា (NBC) បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ (UNCDF) រៀបចំពិធីប្រកាសចាប់ផ្តើមដំណើរការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្តជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០២៦-២០៣០ និងកិច្ចពិគ្រោះយោបល់ ក្រោមអធិបតីភាព ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីនេះមានការចូលរួមថ្លែងសុន្ទរកថាពីលោកស្រី Yasmin Siddiqi នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា និងលោក Shakeel Ahmad អ្នកតំណាង មូលនិធិអភិវឌ្ឍន៍មូលធនអង្គការសហប្រជាជាតិ ព្រមទាំងវត្តមានចូលរួមពីតំណាងស្ថាប័នរដ្ឋ និងឯកជន ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អង្គការសង្គមស៊ីវិល និងសមាគមនានា ប្រមាណជិត ២៥០រូប។


ក្នុងឱកាសនោះក៏មានការធ្វើបទបង្ហាញអំពីវឌ្ឍនភាព និងទិសដៅអាទិភាពសម្រាប់ការធ្វើបច្ចុប្បន្នកម្មយុទ្ធសាស្រ្ត ព្រមទាំងមានកិច្ចពិភាក្សាក្រុមការងារបច្ចេកទេសផ្តោតលើអាទិភាពចំនួន ៥ រួមមាន បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី សេវាហិរញ្ញវត្ថុឌីជីថល ចំណេះដឹងហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជន ហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាបន្នហិរញ្ញវត្ថុសម្រាប់ជនមានពិការភាពផងដែរ៕

ដោយ៖ ចរិយា ប្រភព៖ NBC





