កម្ពុជាថ្កោលទោសការឈ្លានពានរបស់ថៃនៅវេទិកាអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--
កម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានលុកលុយម្តងហើយម្តងទៀតពីសំណាក់ប្រទេសថៃ ដោយកម្ពុជាបានព្រមានថា ជម្លោះប្រដាប់អាវុធដែលកំពុងបន្តនេះ បានបង្កឱ្យមានទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងការខូចខាតសេដ្ឋកិច្ចយ៉ាងដំណំ ដែលធ្វើឱ្យរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍របស់ប្រទេស។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កម្ពុជានៅក្នុងវេទិកាអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
ការថ្លែងបទអន្តរាគមន៍ក្នុងវេទិកា ECOSOC ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ ចាប់ពីថ្ងៃទី២០-២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ជម្លោះនេះបានបណ្តាលឱ្យមានមនុស្សស្លាប់លើសពី ១០០នាក់ និងមានជនភៀសសឹកជាង ៦៥ម៉ឺននាក់។
លោកបានបន្ថែមថា ចំពោះអ្នកវិលត្រលប់មកវិញជាច្រើនបានប្រឈមនឹងការខូចខាតលំនៅដ្ឋាន ការទទួលបានសេវាមូលដ្ឋាននៅមានកម្រិត និងការព្រួយបារម្ភអំពីសុវត្ថិភាព ខណៈសាលារៀនចំនួន ៤៨ និងមណ្ឌលសុខភាពចំនួន ២២ នៅតែបិទនៅក្នុងខេត្តជាប់ព្រំដែនដែលរងផលប៉ះពាល់។
ឯកឧត្តម ជូ ហេង បានពិពណ៌នាអំពីស្ថានភាពនេះថាជា “បញ្ហាប្រឈមដ៏ស្រួចស្រាវ និងស្មុគស្មាញ” ដែលបង្កឡើងដោយការឈ្លានពាននៅតាមបណ្តោយព្រំដែន និងជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយភាគីថៃតាំងពីឆ្នាំ២០២៥ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជាក្នុងការអនុវត្ត និងការប្តេជ្ញាចិត្ត។
នៅក្នុងបទអន្តរាគមន៍ក៏បានគូសបញ្ជាក់ពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយដោយកត់សម្គាល់ថា ការបិទច្រកទ្វារព្រំដែន ការរំខានដល់វិស័យពាណិជ្ជកម្ម និងទេសចរណ៍បានធ្វើឱ្យការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាមានភាពយឺតយ៉ាវ ស្របពេលដែលប្រាក់ចំណូលធ្លាក់ចុះ ដោយសារតែពាណិជ្ជកម្មឆ្លងដែននៅទ្រឹង និងចំនួនភ្ញៀវទេសចរបានថយចុះ។
ឯកឧត្តមបានមានប្រសាសន៍ថា ជម្លោះនេះបានបង្ខំឱ្យរដ្ឋាភិបាលបង្វែរធនធានសាធារណៈដែលមានកម្រិតឆ្ពោះទៅរកការឆ្លើយតបទៅលើផ្នែកមនុស្សធម៌ ការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងវិស័យការពារជាតិ ជាជាងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ និងកិច្ចគាំពារសង្គមដែលស្ថិតក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
លោកបានបន្តថា៖ “នៅពេលដែលជំនួយអភិវឌ្ឍន៍ផ្លូវការបានធ្លាក់ចុះរួចទៅហើយក្នុងឆ្នាំ២០២៤ កម្ពុជាកំពុងទទួលរងនូវសម្ពាធបន្ថែមទៀតដែលមិនមែនជាកំហុសរបស់ខ្លួនឡើយ”។
ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងអន្តរជាតិ Sevilla Commitment ដែលត្រូវបានអនុម័តក្នុងខែកក្កដា ឆ្នាំ២០២៥ ដែលជាក្របខ័ណ្ឌសកលសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ជូ ហេង បានកត់សម្គាល់ថា កម្ពុជាបានស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយបន្ថែមថា បទឈប់បាញ់បានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បើទោះបីជាមានហេតុការណ៍ប៉ះទង្គិចគ្នាខ្លះៗនៅតែបន្តកើតមានក៏ដោយ។
លោកបានសង្កត់ធ្ងន់ថា៖ “សន្តិភាពប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ពោលគឺមិនអាចសម្រេចបាននូវចំណុចមួយដោយគ្មានចំណុចមួយទៀតឡើយ”។
កម្ពុជាក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យទទួលស្គាល់ផលប៉ះពាល់នៃជម្លោះលើការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្បទាន និងការបន្ធូរបន្ថយបំណុល ព្រមទាំងគាំទ្រដល់ការចរចាដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង។
លោកបានជំរុញឱ្យមានការទទួលខុសត្រូវ និងធ្វើសកម្មភាពរួមគ្នាជាអន្តរជាតិថា៖ “យើងស្នើសុំឱ្យវេទិកានេះឈរនៅជាមួយកម្ពុជា និងធានាថាការសន្យាចំពោះកិច្ចព្រមព្រៀងអន្តរជាតិ Sevilla Commitment នឹងមិនត្រូវបានបដិសេធ ដោយសារតែការបរាជ័យនៃសន្តិភាពនោះទេ”៕

AKP-Khmer Times





