អាជ្ញាធរភូមិ ឃុំ និងរដ្ឋបាលស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug
AKP កំពង់ចាម ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរួមគ្នាធ្វើពិធីផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងការប្រើប្រាស់ App NoDrug ដល់អង្គភាព និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ទូទាំងស្រុកស្រីសន្ធរ ប្រមាណជា ៤០០នាក់។ ពិធីផ្សព្វផ្សាយនេះ បានធ្វើឡើង នាថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរ បានលើកឡើងពីស្ថានភាពទូទៅការអភិវឌ្ឍន៍ រីកចម្រើនទូទាំងស្រុក និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសបញ្ហាគ្រឿងញៀនក្នុងមូលដ្ឋានដែល គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកស្រីសន្ធរ បានខិតខំធ្វើការប្រយុទ្ធប្រឆាំងដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង។

ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពាំនាំការកោតសរសើរពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនចំពោះ អាជ្ញាធរគ្រប់ថ្នាក់នៃខេត្តកំពង់ចាម និយាយជារួម និងនិយាយដោយឡែកអាជ្ញាធរស្រុកស្រីសន្ធរ ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានលើកឡើងថា ស្រុកស្រីសន្ធរ ជាស្រុកទី២ដែលបានធ្វើការងារផ្សព្វផ្សាយដល់ប្រតិបត្តិករផ្ទាល់ដល់គ្រប់សមាសភាព ចូលរួមពីមេឃុំ មេភូមិ ព្រមទាំងនាយកសាលាទូទាំងស្រុក និងសូមបន្តយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្សព្វផ្សាយនេះ ឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀន ក៏ដូចជាជំរុញការប្រើប្រាស់ App NoDrug ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីប្រសិទ្ធភាព បង្ការទប់ស្កាត់បានកុំឱ្យប្រជាពលរដ្ឋធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកក៏បានលើកឡើងនូវពាក្យស្លោកមួយចំនួន ដូចជា " ខ្ញុំនិងអ្នកគ្មានបញ្ហាគ្រឿងញៀន គ្រួសារយើងនឹងគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន ហើយសហគមន៍យើងនឹងសុខសាន្ត មានការអភិវឌ្ឍ "។

ជាមួយគ្នានេះដែរ លោក ជុំ នីម មេឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាមបានថ្លែងនូវការចាប់អារម្មណ៍ និងអរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាថ្នាក់ដឹកនាំខេត្ត ស្រុកស្រីសន្ធរ ដែលបានយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន App NoDrug ដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅមូលដ្ឋាន៕


ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





