ឯកឧត្តម លី ធុជ ស្នើឱ្យមូលនិធិចិន សម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាពនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦—ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះ ខណៈឯកឧត្ដម ទទួលជួប លោកស្រី Wang Yahui នាយិកាមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ (China Foundation for Peace and Develo pment) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦. នៅទីស្នាក់ការអាជ្ញាធរមីន ។

លោកស្រី Wang Yahui បានអរគុណដល់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី បានមកស្វែងយល់អំពីសកម្មភាពមីននៅកម្ពុជា ក៏ដូចស្វែងយល់អំពីកិច្ចការមនុសធម៌ក្រោមអាណត្តិរបស់អាជ្ញាធរមីន។ ជាមួយគ្នានេះ លោកស្រី Wang Yahui បានស្នើឱ្យអាជ្ញាធរមីនផ្តល់នូវការគាំទ្រ ផ្តល់ភាពដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការរួមចំណែករបស់មូលនិធិក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា ផងដែរ។

លោកស្រី Wang Yahui បានបញ្ជាក់អំពីសកម្មភាពនានារបស់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងនោះផ្តោតសំខាន់លើការងារមនុស្សធម៌ និងមានដៃគូជាមួយអង្គការសង្គមស៊ីវិលជាច្រើន ក្នុងការជួយគាំទ្រដល់សកម្មភាពមនុស្សធម៌តាមប្រទេសក្នុងតំបន់។ មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ មានទីស្នាក់ការនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ ហើយបាននិងកំពុងជួយដល់សហគមន៍ក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។

តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអរគុណដល់មូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ព្រមទាំងបានកោតសរសើដល់សកម្មភាពមនុស្សធម៌របស់មូលនិធិ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមូលនិធិចិនសម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

សូមបញ្ជាក់ថា៖ អាជ្ញាធរមីន និងមូលនិធិCFPD បានប្តេជ្ញា សហការគ្នា និងផ្តល់ភាពជាដៃគូរវាងគ្នា ក្នុងដំណើរការរួមគ្នាលើសកម្មភាពមនុស្សធម៌ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា ៕
ដោយ៖ សួស. សំរិត





