វិសាខា ឈ្នះ អាយអេសអាយ ៣-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--ក្រុមម្ចាស់ផ្ទះ វិសាខា បានយកឈ្នះក្រុមភ្ញៀវ អាយអេសអាយដង្កោ សែនជ័យ ដោយលទ្ធផល ៣-០ នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល ២០២៥-២០២៦ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមម្ចាស់ផ្ទះ វិសាខា បានបើកការនាំមុខ២គ្រាប់នៅវគ្គទី១ ដោយធ្វើសម្រេចដោយកីឡាករ Jago នៅនាទី ២១ និងគ្រាប់ទី២ រកបាននៅនៅនាទី៤៥បូក៥ ដោយសារកំហុសការពារមិនបានល្អធ្វើឱ្យចូលទីខ្លួនឯងរបស់កីឡាករ Onda។ ចូលវគ្គទី២ កីឡាករ ឡេង ណូរ៉ា របស់វិសាខា ធ្វើសម្រេចបានគ្រាប់ទី៣ នៅនាទី៦៥។ ជ័យជម្នះរបស់វិសាខាលើក្រុមអាយអេសអាយដង្កោសែនជ័យ នៅជើងទី១នេះកាន់តែធ្វើឱ្យវិសាខា កាន់តែកក់ក្តៅ ឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រ។ ចំពោះការប្រកួតរវាងក្រុមទាំងពីរ នៅជើងទី២ កាត់សេចក្តីគ្រោងនឹងធ្វើឡើង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដោយក្រុមអាយអេសអាយដង្កោសែនជ័យធ្វើម្ចាស់ផ្ទះវិញម្តង ទទួលក្រុមភ្ញៀវវិសាខា។

ដោយឡែក១ប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀង ដែលលើកពេលកាលពីថ្ងៃទី២២ ខែមេសានោះ នឹងលើកទៅប្រកួត នាថ្ងៃទី២៩ ខែមេសា ខណៈជើងទី២កាត់សេចក្តីគ្រោងនឹងធ្វើឡើងនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ ចំពោះការប្រកួតផ្តាត់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។ នេះបើយោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕
ដោយ ហេង ណាលីន (រូបភាព៖ CNCC)





