រដ្ឋបាលក្រុងសំរោងបើកកិច្ចប្រជុំក្រុមការងារជំនាញ រៀបចំឯកសារយោង និងសូចនាករវាយតម្លៃ ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងសមិទ្ធិកម្មថ្នាក់ជាតិ ឆ្នាំ២០២៦
AKP ឧត្តរមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦-- លោក ប៊ុត វ៉ាន់ដេត អភិបាលរងក្រុងសំរោង បានដឹកនាំកិច្ចប្រជុំក្រុមការងារជំនាញ ដើម្បីត្រួតពិនិត្យ និងប្រមូលរបាយការណ៍សម្រាប់ការវាយតម្លៃសមិទ្ធិកម្មប្រចាំឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌការប្រឡងប្រជែងថ្នាក់ជាតិឆ្នាំ២០២៦ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

លោក ប៊ុត វ៉ាន់ដេត បានលើកឡើងថា ការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងការតម្កល់ទុកនូវឯកសារយោងឱ្យបានគ្រប់ជ្រុងជ្រោយ គឺជាសក្ខីភាពនៃតម្លាភាព និងសមិទ្ធផលពិតប្រាកដរបស់អង្គភាពពាក់ព័ន្ធ។ លោកបន្តថា កិច្ចប្រជុំបានផ្តោតសំខាន់លើការត្រួតពិនិត្យបច្ចេកទេស និងការចងក្រងសំណុំឯកសារយោងតាមសូចនាករនីមួយៗ ដោយបានដាក់ចេញនូវទិសដៅដូចជា ការផ្ទៀងផ្ទាត់ ពិនិត្យឡើងវិញនូវរាល់លក្ខខណ្ឌវិនិច្ឆ័យនីមួយៗ ដើម្បីធានាថាឯកសារយោងទាំងអស់មានភាពត្រឹមត្រូវ គ្រប់គ្រាន់ និងឆ្លុះបញ្ចាំងពីសមិទ្ធផលការងារជាក់ស្ដែងដែលរដ្ឋបាលក្រុងសម្រេចបាន។

ការបង្កើនល្បឿន និងប្រសិទ្ធភាព ជំរុញឱ្យការិយាល័យពាក់ព័ន្ធទាំងអស់ ខិតខំបញ្ចប់ការចងក្រង និងថតចម្លងសំណុំឯកសារឱ្យបានសម្រេចជាស្ថាពរ ១០០ភាគរយ យ៉ាងយូរត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ ការត្រៀមលក្ខណៈថ្នាក់ជាតិ ការងារនេះជាការត្រៀមខ្លួនដ៏សំខាន់បំផុត ដើម្បីបង្ហាញពីភាពខ្លាំង និងសមត្ថភាពគ្រប់គ្រងរដ្ឋបាលរបស់ក្រុងសំរោង ក្នុងការវាយតម្លៃសមិទ្ធកម្មថ្នាក់ជាតិខាងមុខ។

លោកអភិបាលរងក្រុងបានសង្កត់ធ្ងន់ថា នេះគឺជាកិច្ចការរួមគ្នាដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីលើកកម្ពស់កិត្យានុភាពរបស់រដ្ឋបាលក្រុងសំរោង ក្នុងស្មារតីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕
ដោយ ទិត ស្រ៊





