ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន
AKPភ្នំពេញថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៦– ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោក លី លីងសិន (Li Lingshen) អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន។

ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពរបស់ចិន ដឹកនាំដោយលោក លី លីងសិន (Li Lingshen) អនុប្រធានក្រុមប្រឹក្សាវាយនភណ្ឌ និងសម្លៀកបំពាក់ជាតិចិន។ សមាជិកនៃសមាគមដែលមានវត្តមាននាពេលនេះគឺសុទ្ធតែជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌមកពីខេត្តជាំងស៊ូ ចឺជាំង និងក្វាងទុង ប្រទេសចិន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយបំផុតដែលលោក លី លីងសិន បានដឹកនាំគណៈប្រតិភូសមាគមមកជួបពិភាក្សាការងារនាពេលនេះ។ បន្ថែមលើការកត់សម្គាល់ពីបរិស្ថានវិនិយោគនៅកម្ពុជា, កំណើនវិនិយោគចិននៅកម្ពុជា និងទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឯកឧត្តមអគ្គលេខាធិការក៏បានលើកទ្បើងពីការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់បរិស្ថានវិនិយោគដើម្បីទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដល់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) ដើម្បីធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។

បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានបង្ហាញពីក្តីកង្វល់ពីហានិយភ័យនៃការបំពុលបរិស្ថាន ត្បិតផលិតកម្មនៃវិស័យនេះមានវេទយិតភាពខ្ពស់ដល់ការបំពុលបរិស្ថាន។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានចែករំលែកពីគំនិតផ្តួចផ្តើមក្នុងការសិក្សាកំណត់ទីតាំង (zoning) សម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ ដែលនឹងអាចគ្រប់គ្រងបញ្ហាបំពុលបរិស្ថានឱ្យបានជាអតិបរមា។
លោក លី លីងសិន បានគោរពថ្លែងអំណរគុណជូនចំពោះឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូនាពេល។ លោកបានជម្រាបជូនឯកឧត្តមអគ្គលេខាធិការពីឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន ដែលឧស្សាហកម្មនេះបច្ចុប្បន្នបាននិងកំពុងតែធ្វើការសិក្សាស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស ហើយបានសម្លឹងឃើញ កម្ពុជាជាគោលដៅមួយដែលមានភាពអំណោយផលបំផុត ព្រោះកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរបបលើកទឹកចិត្តវិនិយោគមានភាពប្រកួតប្រជែងខ្ពស់។

លោកបានទទួលស្គាល់ពីការហានិភ័យនៃការបំពុលបរិស្ថានដែលបណ្តាលមកពីផលិតកម្មនៃឧស្សាហកម្មជ្រលក់ពណ៌ និងបោះពុម្ពនេះ ប៉ុន្តែឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំនៅប្រទេសចិន ក្រុមហ៊ុនសមាជិកសមាគមមានការយកចិត្តទុកដាក់ខ្ពស់ និងមានបច្ចេកវិទ្យាទំនើបដើម្បីដោះស្រាយបញ្ហានេះ។ មុននឹងបញ្ចប់ លោកក៏បានសន្យាថានឹងខិតខំជំរុញឧស្សាហកម្មខ្សែទឹកខាងលើ ពិសេស ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕
ដោយ៖ ចរិយា ប្រភព៖ CDC





