កម្ពុជានិងចិន ជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ សន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦--ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីព្រឹត្តិការណ៍នយោបាយការទូតសកម្ម ប្រកបដោយយុទ្ធសាស្ត្រ ពោលគឺកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំពិសេសនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើជាសហប្រធាន។
ក្នុងការធ្វើ សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជានិងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រនេះឡើង ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា កាលពីខែមេសា ឆ្នាំមុន ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ សន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។ ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូបក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីកិច្ចសន្ទនា “២+២” ឯកឧត្តម វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ប្រមុខការទូតចិននិងកម្ពុជានឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងនិងក្រៅតំបន់៕

ដោយ៖ គង់ សិរីរ័ត្ន





