រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ សកម្មភាពរបស់សហរដ្ឋអាមេរិកគំរាមកំហែងដល់ការបន្តកិច្ចចរចាសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក សេយ៉េដ អាបាស់ អារ៉ាកឈី (Seyed Abbas Araghchi) បាននិយាយកាលពីពេលថ្មីៗនេះថា «សកម្មភាពញុះញង់» របស់សហរដ្ឋអាមេរិកនិងការរំលោភលើបទឈប់បាញ់ គឺជាឧបសគ្គចម្បងចំពោះការបន្តកិច្ចចរចាសន្តិភាពរវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយជាមួយសមភាគីប៉ាគីស្ថាន និងរុស្ស៊ី លោក អារ៉ាកឈី បានថ្កោលទោសចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មរបស់អ៊ីរ៉ង់ រួមទាំងការរឹបអូសនាវាកុងតឺន័រ Touska និងក្រុមនាវិករបស់វា ហើយបានលើកឡើងពី «ជំហរផ្ទុយគ្នា និងវោហាសាស្ត្រនៃការគំរាមកំហែង» ពីទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។
បទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៦ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ៤០ថ្ងៃនៅតែមានភាពផុយស្រួយ។ ប៉ាគីស្ថានបានសម្របសម្រួលកិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដោយធ្វើជាម្ចាស់ផ្ទះនៃជុំទីមួយនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែមេសា ប៉ុន្តែអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ពីការចូលរួមនៅក្នុងជុំមួយទៀតនៅឡើយទេ។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានរាយការណ៍ថា ការចូលរួមរបស់ទីក្រុងតេអេរ៉ង់អាស្រ័យលើលក្ខខណ្ឌជាមុនដែលទីក្រុងវ៉ាស៊ីនតោនបានបំពេញ។ ទីភ្នាក់ងារនេះបានលើកឡើងពីការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និង «ការទាមទារហួសហេតុ»ដែលជាឧបសគ្គសំខាន់ៗសម្រាប់កិច្ចចរចា។
លោក អារ៉ាកឈី បាននិយាយថា អ៊ីរ៉ង់នឹងសម្រេចចិត្តថា តើត្រូវបន្តការទូតដោយផ្អែកលើ «គ្រប់ទិដ្ឋភាពទាំងអស់នៃបញ្ហានេះ» និងឥរិយាបថរបស់សហរដ្ឋអាមេរិកឬអត់ ដោយលោកបានបន្ថែមថា ទីក្រុងតេអេរ៉ង់នឹងចាត់វិធានការដើម្បីការពារផលប្រយោជន៍ និងសន្តិសុខជាតិរបស់ខ្លួន។
ភាពតានតឹងបានកើតឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងផ្សេងៗទៀតរបស់អ៊ីរ៉ង់ ដែលចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាំមេណី (Ali Khamenei)មេបញ្ជាការជាន់ខ្ពស់ និងជនស៊ីវិល។ អ៊ីរ៉ង់បានឆ្លើយតបជាមួយនឹងរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





