ជឺជីតស៊ូ ចំបាប់ និងទ្រីយ៉ាត្លុង ជាក្តីសង្ឃឹមក្នុងការឈានដល់ការណ្តើមមេដាយ ការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី នៅចិន
AKP ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦--ក្នុងចំណោម៤ប្រភេទកីឡារបស់កម្ពុជា គឺមាន៣ប្រភេទកីឡា ដូចជាប្រភេទកីឡាជឺជីតស៊ូ ចំបាប់ និងទ្រីយ៉ាត្លុង ដែលកម្ពុជាមានសង្ឃឹមខ្លះ ក្នុងការឈានឆ្ពោះទៅដណ្តើមេដាយជូនជាតិ នៅក្នុងការប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ឆ្នាំ២០២៦ (6th Asian Beach Games SANY 2026) ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្តីសង្ឃឹមនេះបានលើកបង្ហាញដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសឯកឧត្តមដឹកនាំប្រតិតូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាចាកចេញពីមាតុប្រទេស នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ទៅចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី លើកទី៦ ឆ្នាំ២០២៦ នៅប្រទេសចិន អមដំណើរដោយឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា៖«ការប្រកួតឆ្នេរខ្សាច់អាស៊ី ត្រូវបានរៀបចំឡើង៤ឆ្នាំម្តង និងមានទ្រង់ទ្រាយធំកម្រិត ៤៥ប្រទេសក្នុងទ្វីបអាស៊ី ដូចកីឡាអាស៊ី (ASIAN Games) ដែរ ប៉ុន្តែយើងនៅតែមានក្តីសង្ឃឹមខ្លះលើប្រភេទកីឡាជឺជីតស៊ូ ចំបាប់ និងទ្រីយ៉ាត្លុង ដែលអាចនឹងឈានដល់ការដណ្តើមបានមេដាយ។ យើងសង្ឃឹមថា ការចូលរួមប្រកួតឆ្នាំនេះ យើងនឹងទទួលបានលទ្ធផលជាទីគាប់ចិត្តមួយត្រឡប់មកវិញ និងជាការបំពេញកាតព្វកិច្ចក្នុងនាមចលនាអូឡាំពិកអាស៊ី។ ក្នុងនាមតំណាងក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានខិតខំប្រឹងប្រែងផ្តល់ឱកាសដល់ប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកម្រិតអាស៊ី»។

ឯកឧត្តមបានបន្ថែមថា គណៈប្រតិភូកីឡាកម្ពុជាបានចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី នៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៦នេះទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ដោយការចូលរួមបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ កម្ពុជាធ្លាប់ចូលរួមប្រកួតកីឡាឆ្នេរខ្សាច់អាស៊ី ៥លើករួចមកហើយៗព្រឹត្តិការណ៍ប្រកួតកម្រិតទ្វីបអាស៊ីរៀងរាល់៤ឆ្នាំម្តងនេះបានធ្វើឡើងចុងក្រោយ នៅទីក្រុងដាណាង ប្រទេសវៀតណាម ឆ្នាំ២០១៦ ខណៈព្រឹត្តិការណ៍ដូចគ្នានេះ នៅឆ្នាំ២០២០ មិនបានធ្វើឡើយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដោយរំលងរហូតដល់ឆ្នាំ២០២៦នេះទើបរៀបចំឡើងវិញ។

ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់បែបនេះថា ៖ «ការចូលរួមប្រកួតកីឡាឆ្នេរខ្សាច់ នៅប្រទេសចិន ឆ្នាំ២០២៦របស់ប្រតិភូកីឡាកម្ពុជាក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់ជាគោលការណ៍ឱ្យមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា អគ្គនាយកដ្ឋានកីឡា ដែលមានឯកឧត្តម ប៉ុន សុខ ជាអគ្គនាយកកីឡាបានរៀបចំឱ្យមានការចូលរួមប្រកួតក្នុងចំនួនមួយសមល្មម មិនមានទ្រង់ទ្រាយធំពេកដូចកន្លងមកនោះទេ ដោយសារតែការសន្សំសំចៃ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយការចំណាយមិនចាំបាច់។ ដូច្នេះការចូលរួមនេះមានគ្រូបង្វឹក កីឡាករ កីឡាការិនីតែជាង ២០នាក់ប៉ុណ្ណោះលើ៤ប្រភេទកីឡាប៉ុណ្ណោះ ដូចជាកីឡាបាល់ទាត់លើតុ ចំបាប់ឆ្នេរខ្សាច់ ជឺជីតស៊ូ និងទ្រីយ៉ាត្លុង»៕
ដោយ ហេង ណាលីន





