ឯកឧត្តម នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថត កម្ពុជា-គុយបា នាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពិព័រណ៍រូបថតនាពេលនេះ គឺជាការបង្ហាញពីសមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រូបថតប្រមាណ៣០សន្លឹក ដែលយកមកតាំងបង្ហាញនៅពេលនេះ ជាសក្ខីភាពដែលឆ្លុះបញ្ចាំងពី៖ (ទី១) ការបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការទ្វេភាគី និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ (ទី២) ជំនួយរបស់គុយបា នៅចុងទសវត្សរ៍១៩៧០ និងទសវត្សរ៍១៩៨០ និង (ទី៣) ទស្សនកិច្ចផ្លូវការនានារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ក្នុងឱកាសពិព័រណ៍រូបថត អបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នាថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា «ក្នុងចំណោមរូបថតដែលយកមកតាំងបង្ហាញនៅទីនេះ មានរូបថត សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសគុយបាក្នុងឆ្នាំ១៩៩៩ ដោយពេលនោះ សម្តេច បានទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត (the Order of José Martí) របស់គុយបា»។


សម្តេចតេជោ បានអញ្ជើញទៅគុយបាម្តងទៀត ក្នុងឆ្នាំ២០២២ និងបន្ទាប់មកក្នុងខែតុលាឆ្នាំដដែល ឯកឧត្តម Manuel Marrero Cruz នាយករដ្ឋមន្ត្រីគុយបា ក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ រូបថតទាំងនេះ មិនត្រឹមតែបង្ហាញពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលបាននិងកំពុងបន្តរីកចម្រើនទៅមុខជានិរន្តផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងគុយបាក្នុងវិស័យព័ត៌មាន ក៏ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសាធារណរដ្ឋគុយបានាពេលកន្លងមក បានផ្តោតជាសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ការផ្សព្វផ្សាយវប្បធម៌រវាងប្រទេសទាំងពីរ និងការបណ្តុះ បណ្តាលជំនាញបច្ចេកទេសដល់អ្នកសារព័ត៌មាន។ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន និងទីភ្នាក់ងារសារព័ត៌មាន Prensa Latina របស់គុយបា បានចុះអនុស្សរណៈយោគយល់ កាលពីខែតុលា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរព័ត៌មាន ព្រឹត្តិការណ៍សំខាន់ៗ និងសមិទ្ធផលនានា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់គ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់មិត្តភាព និងការយល់ដឹងរវាងប្រជាជនទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។


លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រូបថតនីមួយៗ សរុបចំនួន ៣១ សន្លឹក បង្ហាញពីឫសគល់ជ្រៅនៃទំនាក់ទំនង ដែលបង្កើតឡើងនៅលើឆន្ទៈនយោបាយ ការគោរព និងការយោគយល់គ្នាទៅវិញទៅមក លះបង់ចំពោះគោលការណ៍មិនចូលបក្សសម្ព័ន្ធ កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ និងការបំពេញបន្ថែម។ រូបភាពខ្លះនឹងមិនត្រូវបានផ្សព្វផ្សាយសម្រាប់មនុស្សជាច្រើន ប៉ុន្តែប្រាកដជាទាក់ទាញចិត្តប្រជាជនគុយបា និងប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ ដោយឆ្លុះបញ្ចាំង ពីព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេល 65 ឆ្នាំនៃចំណងមិត្តភាពដ៏ជិតស្និទ្ធ និងគំរូ។

ក៏មានដែរ «រូបថតអមតៈ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកកម្រិតខ្ពស់ ជំនួបរវាងឥស្សរជន កម្ពុជាលេចធ្លោ និងមេដឹកនាំបដិវត្តគុយបា។ ការសម្តែងផ្តាច់មុខ និងផ្លាស់ប្តូរដោយ Viengsay Valdés, របាំបាឡេទី១ នៃរបាំជាតិគុយបា នៅសាលចតុមុខ; និងការចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នារវាងទីភ្នាក់ងារសារព័ត៌មាន AKP និង Prensa Latina ដែលជាការទទួលស្គាល់នូវទំនាក់ទំនងដែលចងពួកយើងក្នុងការការពារ ការពិត សន្តិភាព និងអធិបតេយ្យភាពរបស់ប្រជាជនរបស់យើង»។ នេះជាការបញ្ជាក់របស់ លោកជំទាវ ឯកអគ្គរដ្ឋទូត៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ខឹម សុវណ្ណារ៉ា





