លោក ដូណាល់ ត្រាំ ចាត់ទុកអ៊ីស្រាអែលជាសម្ព័ន្ធមិត្តដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក មិនដូចប្រទេសដទៃទៀតទេ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ -- អ៊ីស្រាអែលបានបង្ហាញភាពក្លាហាន និងភាពអង់អាចរបស់ខ្លួនក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់ហើយបានបង្ហាញថា ខ្លួនអាចជាសម្ព័ន្ធមិត្តពិតប្រាកដរបស់សហរដ្ឋអាមេរិកមិនដូចប្រទេសដទៃទៀតទេ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានសរសេរនៅលើបណ្តាញសង្គមTruth Social របស់លោកថា «មិនថាគេចូលចិត្តអ៊ីស្រាអែលឬអត់ទេ ពួកគេបានបង្ហាញថា ជាសម្ព័ន្ធមិត្តដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិក។ ពួកគេ[អ៊ីស្រាអែល] មានភាពក្លាហាន អង់អាច ស្មោះត្រង់ និងឆ្លាតវៃ ហើយមិនដូចប្រទេសដទៃទៀតដែលបានបង្ហាញពណ៌ពិតរបស់ពួកគេនៅក្នុងគ្រានៃជម្លោះ និងភាពតានតឹងនោះទេ។ អ៊ីស្រាអែលប្រយុទ្ធយ៉ាងលំបាក ហើយដឹងពីរបៀបឈ្នះ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកមិនបានបញ្ជាក់អំពី «ប្រទេសដទៃទៀត»ដែលធ្វើឱ្យសហរដ្ឋអាមេរិកខកចិត្តក្នុងអំឡុងពេលមានជម្លោះជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែថ្មីៗនេះ លោកបានរិះគន់ម្តងហើយម្តងទៀតដល់បណ្តាប្រទេសនៃអង្គការណាតូចំពោះការខ្វះការគាំទ្ររបស់ពួកគេ។ ជាពិសេសនៅថ្ងៃទី១៧ ខែមេសា ប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយថា លោកបានបដិសេធការផ្តល់ជំនួយពីអង្គការណាតូក្នុងស្ថានភាពជុំវិញច្រកសមុទ្រហ័រមុស ដោយហៅសម្ព័ន្ធភាពនេះថា ជា «ខ្លាក្រដាស»។
នៅពេលមុននេះ ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានរ៉យទ័រស៍លោក ត្រាំ បានសម្តែងការមើលងាយចំពោះអង្គការណាតូ និងបានបង្ហើបពីលទ្ធភាពនៃការដកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធភាពនេះ។ ថ្លែងទៅកាន់សារព័ត៌មាន The Daily Telegraph ប្រធានាធិបតីអាម៉េរិករូបនេះបានពន្យល់ថា លោកអាចនឹងពិចារណាឡើងវិញអំពីការចូលរួមរបស់សហរដ្ឋអាមេរិក ដោយលើកឡើងពីការបរាជ័យរបស់អង្គការណាតូក្នុងការគាំទ្រទីក្រុងវ៉ាស៊ីនតោននៅក្នុងជម្លោះអ៊ីរ៉ង់។ នៅក្នុងបទសម្ភាសន៍នោះលោក ត្រាំ បានសំដៅទៅលើអង្គការណាតូថា ជា «ខ្លាក្រដាស» ហើយបានទទួលស្គាល់ថា លោកមិនដែលយកចិត្តទុកដាក់ចំពោះអង្គការនេះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





