ក្រុមឧទ្ទាមហ៊ូធីគំរាមបិទច្រកសមុទ្របាបអែលម៉ាន់ដេប ប្រសិនបើសហរដ្ឋអាមេរិករារាំងសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ -- ក្រុមឧទ្ទាមហ៊ូធីមកពីចលនាឧទ្ទាមអាន់សារ អាឡោះរបស់ប្រទេសយេម៉ែន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេក្នុងការបិទច្រកសមុទ្រ បាបអែលម៉ាន់ដេប (Bab el-Mandeb)ដែលបំបែកឧបទ្វីបអារ៉ាប់ចេញពីទ្វីបអាហ្វ្រិក ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូនអន្តរជាតិ និងឆ្លើយតបទៅនឹងគោលនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងតំបន់នេះ។ នេះបើយោងតាមមេដឹកនាំម្នាក់របស់ក្រុមចលនានេះ ដែលកាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេសនៅក្នុងរដ្ឋាភិបាលដែលបង្កើតឡើងដោយក្រុមហ៊ូធី គឺលោក ហ៊ូសសេន អាល់-អេសហ្ស៊ី (Hussein al-Ezzi)។
លោកបានសរសេរនៅលើទំព័របណ្តាញសង្គមអ៊ិចថា «ប្រសិនបើទីក្រុងសាណាអា សម្រេចចិត្តបិទច្រកសមុទ្របាបអែលម៉ាន់ដេប នោះទោះបីជាមនុស្ស ឬខ្មោចក៏ដោយ ក៏នឹងមិនអាចបើកវាបានឡើយ។ ដូច្នេះលោក ត្រាំ និងបក្សពួករបស់លោក គួរតែបញ្ចប់សកម្មភាព និងគោលនយោបាយទាំងអស់ដែលរារាំងដល់សន្តិភាពជាបន្ទាន់ និងបង្ហាញពីការគោរពចាំបាច់ចំពោះសិទ្ធិរបស់ប្រជាជន និងប្រទេសរបស់យើង»។
កាលពីថ្ងៃទី០២ ខែមេសា អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងរដ្ឋាភិបាលហ៊ូធី លោក ម៉ូហាំម៉េដ ម៉ាន់ស៊ូ (Mohammed Mansour) បានព្រមានថាចលនាឧទ្ទាមយេម៉ែនអាន់សារ អាឡោះ (ហ៊ូធី) អាចនឹងបិទច្រកសមុទ្របាបអែលម៉ាន់ដេប ដែលបំបែកឧបទ្វីបអារ៉ាប់ចេញពីទ្វីបអាហ្វ្រិក មិនត្រឹមតែក្នុងករណីមានការកើនឡើងប្រឆាំងនឹងអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីការពារចលនា ស៊ីអ៊ីត ហេសបូឡោះនៅលីបង់ផងដែរ។ យោងតាមរូបលោកបានឱ្យដឹងថា សេណារីយ៉ូបែបនេះនឹងនាំឱ្យមានវិបត្តិថាមពលជាក់ជាមិនខាន ដោយតម្លៃប្រេងនឹងកើនឡើងដល់ ២០០ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





