ប្រទេសបីនៅអាស៊ីអាគ្នេយ៍សន្យាការពារផ្លូវដឹកជញ្ជូនដ៏សំខាន់នៅច្រកម៉ាឡាកា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីម៉ាឡេស៊ី និងសិង្ហបុរី កាលពីពេលថ្មីៗនេះ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានាចរាចរណ៍ផ្លូវសមុទ្រប្រកបដោយសុវត្ថិភាព និងមិនមានការរំខានតាមរយៈច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី (SOMS) ស្របតាមច្បាប់អន្តរជាតិ។
ការកត់សម្គាល់នេះបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំលើកទី៣៤ នៃគណៈកម្មាធិការមូលនិធិជំនួយដល់ការរុករក (ANF) ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី ជាកន្លែងដែលអ្នកចូលរួមបានពិភាក្សាគ្នាអំពីសុវត្ថិភាពនាវាចរណ៍នៅក្នុងច្រកសមុទ្រ SOMS។ នេះបើយោងតាមអាជ្ញាធរសមុទ្រនិងកំពង់ផែសិង្ហបុរីបាននិយាយនៅក្នុងសារប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្នុងនាមជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក សុវត្ថិភាពនៅក្នុងច្រកសមុទ្រ SOMS អាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធដែលអាចទុកចិត្តបាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយចីរភាព។ នេះបើយោងតាមការលើកឡើងរបស់ប្រធានគណៈកម្មាធិការ ANF លោក ដេវីដ ហ្វូ (David Foo)។
លោក ដេវីដ ហ្វូ ប្រធានគណៈកម្មាធិការ ANF បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ក្នុងចំណោមបរិយាកាសប្រតិបត្តិការដែលមានការវិវត្ត និងស្មុគស្មាញកាន់តែខ្លាំងឡើង។
ច្រកសមុទ្រម៉ាឡាកា និងសិង្ហបុរី ភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយវា គឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយរបស់ពិភពលោក ដែលមាននាវារាប់ម៉ឺនគ្រឿងឆ្លងកាត់ជារៀងរាល់ឆ្នាំ ខណៈដែលកំពុងដឹកជញ្ជូនទំនិញ និងថាមពលសកលយ៉ាងច្រើន។
ដោយសារពាណិជ្ជកម្មពិភពលោកពឹងផ្អែកកាន់តែខ្លាំងឡើងលើផ្លូវសមុទ្រជាយុទ្ធសាស្ត្រ ការប្តេជ្ញាចិត្តរបស់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ីនិងសិង្ហបុរី ត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រឹងសន្តិសុខសមុទ្រក្នុងតំបន់ និងពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





