ឥណ្ឌូណេស៊ីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ដើម្បីធានាសន្តិសុខថាមពល
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ -- ក្នុងចំណោមទីផ្សារថាមពលសកលលោកដែលមានការប្រែប្រួលខ្លាំង ឥណ្ឌូណេស៊ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការថាមពលជាមួយបណ្តាប្រទេសមួយចំនួន រួមទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក ដោយផ្អែកលើផលប្រយោជន៍ជាតិ។
ថ្លែងទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ី លោក វ៉ាដ ណាប៊ីល អា. មូឡាឆេឡា (Vahd Nabyl A. Mulachela) បាននិយាយថា ការពង្រីកកិច្ចសហប្រតិបត្តិការដែលរួមទាំងផែនការទិញប្រេង និងឧស្ម័នប្រេងរាវ (LPG) ពីរុស្ស៊ីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងធានាសន្តិសុខថាមពលរយៈពេលវែង។
មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៊ីនឹងមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកទេដោយសារតែទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់ឥណ្ឌូណេស៊ីជាមួយប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) បាននិយាយថា ឥណ្ឌូណេស៊ីកំពុងប្រឈមមុខនឹងសម្ពាធផ្គត់ផ្គង់ដ៏សំខាន់ ខណៈដែលការប្រើប្រាស់ប្រេងឆៅឈានដល់ប្រហែល ១,៦លានបារ៉ែលក្នុងមួយថ្ងៃ ដែលការផលិតក្នុងស្រុកមានត្រឹមតែប្រហែល ៦០០.០០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលបង្ខំឱ្យប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូល។
នៅក្នុងបរិបទនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងឆ្លៀតយកឱកាសគ្រប់បែបយ៉ាងដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថេរភាព រួមទាំងកិច្ចចរចាលើកិច្ចព្រមព្រៀងរយៈពេលវែង និងការស្វែងរកដៃគូថ្មីៗ។
ការអនុវត្តទាំងនេះកើតឡើងចំពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ជាពិសេសការរំខានដល់ប្រតិបត្តិការនៅច្រកសមុទ្រហ័រមុស ដែលបានបង្កើនហានិភ័យដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលពិភពលោក ដែលជំរុញឱ្យប្រទេសឥណ្ឌូណេស៊ីចាត់វិធានការសកម្មជាងមុនក្នុងការការពារសន្តិសុខថាមពលជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





