មីយ៉ាន់ម៉ាអនុវត្តការលើកលែងទោសទ្រង់ទ្រាយធំ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ -- អតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក វីន ម្យីនត៍ (Win Myint) ត្រូវបានដោះលែងកាលពីថ្ងៃទី១៧ខែមេសា ឆ្នាំ២០២៦ ដែលជាផ្នែកមួយនៃការលើកលែងទោសទ្រង់ទ្រាយធំដែលត្រូវបានអនុម័តដោយប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង(Min Aung Hlaing) ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីមីយ៉ាន់ម៉ា (ធីងគីយ៉ាន់)។
យោងតាមទូរទស្សន៍រដ្ឋ MRTV បានឱ្យដឹងថា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានផ្តល់ការលើកលែងទោសដល់អ្នកទោសចំនួន ៤.៣៣៥នាក់ក្នុងឱកាសនោះ។
អាជ្ញាធរមីយ៉ាន់ម៉ាក៏បានបន្ធូរបន្ថយទោសដល់អតីតទីប្រឹក្សារដ្ឋលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែលកំពុងជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទចោទប្រកាន់ជាច្រើនផងដែរ។ យោងតាមមេធាវីរបស់លោកស្រី បានឱ្យដឹងថា ការកាត់ទោសនេះត្រូវបានកាត់បន្ថយមួយភាគប្រាំមួយ បើទោះបីជាវានៅតែមិនទាន់ច្បាស់ថា តើលោកស្រីនឹងត្រូវបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ ឬអត់ក៏ដោយ។
លោក វីន ម្យីនត៍ និងលោកស្រី អ៊ុង សានស៊ូជី ត្រូវបានឃុំខ្លួនដោយអាជ្ញាធរយោធាមីយ៉ាន់ម៉ាកាលពីក្នុងឆ្នាំ២០២១។
នេះគឺជាការលើកលែងទោសលើកទីបី ដែលបានប្រកាសដោយមីយ៉ាន់ម៉ាក្នុងរយៈពេលប្រាំមួយខែកន្លងមក ដែលជាធម្មតាត្រូវបានផ្តល់ឱ្យក្នុងឱកាសធំៗ ដូចជាទិវាឯករាជ្យជាតិក្នុងខែមករា និងពិធីបុណ្យចូលឆ្នាំថ្មីធីងគីយ៉ាន់ក្នុងខែមេសាជារៀងរាល់ឆ្នាំ។
លោក មីង អ៊ុងឡាំង អាយុ ៦៩ឆ្នាំ ទើបតែត្រូវបានជ្រើសតាំងជាប្រធានាធិបតីមីយ៉ាន់ម៉ាដោយសភាជាតិកាលពីថ្ងៃទី០៣ ខែមេសាឆ្នាំ២០២៦៕





