ថ្ងៃទី៥នៃព្រឹត្តិការណ៍នគរសង្ក្រាន្តមានពលរដ្ឋចូលលេងកម្សាន្តចំនួនជាង១លាន៥សែននាក់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦--
ថ្ងៃទី៥នៃព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី នៅរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋមកពីគ្រប់ទិសទី ចូលរួមអបអរសាទរជាង១លាន៥សែននាក់ ទោះបីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក.ព.ស ២៥៧០ គ.ស២០២៦ បានបញ្ចាប់ទៅ២ថ្ងៃហើយក៏ដោយ។

នេះតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ លោកស្រីបានបន្តទៀតថា នៅថ្ងៃទី៥នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមអបអរសាទរចំនួន១ ៥៥៧ ២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន ១ ៥៥១ ១៥០នាក់ និងទេសចរបរទេសចំនួន៦១០០នាក់ (ដោយគិតត្រឹមម៉ោង១៩និង០០នាទី)។

សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្តមានចំនួន៩៨៣ ០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧ ០៦៨នាក់។ នៅថ្ងៃទី២ មានបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ១ ៥៦៥ ៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន១៧ ៩៤០នាក់។ ថ្ងៃទី៣មានចំនួន១ ៨២៧ ៩៩០នាក់ និងនៅថ្ងៃទី០៤ មានចំនួន១ ៣៨៤ ៥១១ នាក់ ក្នុងនោះប្រជាពលរដ្ឋមកដើរលេងកម្សាន្តចំនួ១ ៣៧៤ ៧២០ នាក់ និងទេសចរបរទេស៩៧៩១នាក់។ ពាក់ព័ន្ធនឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ។

ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. និងរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះ បានឈានដល់ថ្ងៃទី៦ហើយគឺជាថ្ងៃចុងក្រោយ។ ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋបន្តមកលេងកម្សាន្តឱ្យបានច្រើនកុះករបន្ថែមទៀតនៅថ្ងៃបញ្ចប់នេះ៕
ដោយ សួស សំរិត





