កម្ពុជាក៏នៅតែបន្តបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រការអប់រំយុវជន និងបង្កើតឱកាសឱ្យយុវជនចូលរួមក្នុងវេទិការផ្សេងៗលើឆាកអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦---
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េបានបញ្ជាក់ថាក្នុងកាលៈទេសៈដ៏សំខាន់នេះ កម្ពុជាក៏នៅតែបន្តបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រការអប់រំយុវជន និងបង្កើតឱកាសឱ្យយុវជនចូលរួមក្នុងវេទិការផ្សេងៗលើឆាកអន្តរជាតិ។
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធី «13th ASIA World Model United Nations - AWMUN XIII » លេីកទី១៣ ក្រោមប្រធានបទ "Shifting Sands: Global Governance Amid Conflict, Climate and Code” ដែលប្រារព្ធឡើងនៅសណ្ឋាគារ Swiss Grand ក្នុងទីក្រុងសេអ៊ូល ដែលរៀបចំដោយគណៈកម្មាធិការ ASIA World Model United Nations-AWMUN និងមានការចូលរួមពីយុវជនមកពីប្រទេសចំនួន ២៥ ផ្សេងគ្នាកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២៦។
ឯកឧត្តមឯកអគ្គរាជទូត បានចែករំលែកបទពិសោធន៍របស់ឯកឧត្តមដែលបានឆ្លងកាត់ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិអស់រយៈពេលជាង ២០ឆ្នាំ កន្លងមកនេះ។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទេះនឹងបញ្ហាប្រឈមជាច្រើនដូចជា ជម្លោះភូមិសាស្ត្រនយោបាយ បញ្ហាបម្រែបម្រួលអាកាសធាតុ និងការវិវត្តនៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស វេទិកានេះ បានជួយពង្រឹងដល់ការយល់ដឹង បង្កើនសមត្ថភាពផ្នែកនយោបាយការទូតអន្តរជាតិ បង្កើតបណ្តាញទំនាក់ទំនងល្អជាអន្តរជាតិ និងជួយចង្អុលបង្ហាញផ្លូវសម្រាប់អ្នកដឹកនាំជំនាន់ក្រោយក្នុងផ្នែកការទូត និងទំនាក់ទំនងអន្តរជាតិ។
ឯកឧត្តមបានបន្ថែមថា ក្នុងកាលៈទេសៈដ៏សំខាន់នេះ កម្ពុជាក៏នៅតែបន្តបង្ហាញពីការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រការអប់រំយុវជន និងបង្កើតឱកាសឱ្យយុវជនចូលរួមក្នុងវេទិការផ្សេងៗលើឆាកអន្តរជាតិ ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេ និងអាចឱ្យពួកគេមានទស្សនៈវិស័យទូលំទូលាយដើម្បីចូលរួមចំណែកកសាងសន្តិភាព និងអភិវឌ្ឍប្រកបដោយចីរភាព៕

ដោយ៖ប៊ុនរិទ្ធ





