ឯកឧត្តម ប៉ែន បូណាបញ្ជាក់ថារាជរដ្ឋាភិបាលបន្តការពារបូរណ ភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦---
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថារាជរដ្ឋាភិបាលនៅតែគិតពីការពារបូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុត។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦អ្នកនាំ ពាក្យរដ្ឋាភិបាលបានលើកឡើងថានៅមុនពិធីបុណ្យចូលឆ្នាំថ្មីចូលមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចេញសារមួយតាមហ្វេសប៊ុកដោយរម្លឹកថា ចាប់តាំងពីបទឈប់បាញ់នៅខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ទាំងភាគីកម្ពុជានិងភាគីថៃ បានប្រកាន់ជំហរគោរពខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមថាក្នុងន័យនេះ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ដែលចែងថា៖ «ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យថា ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ»។
សម្តេចធិបតីបន្តថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការចម្រុះព្រំដែនទាំងពីរអាចចាប់ផ្តើមអនុវត្តការងារវាស់វែងឱ្យបានឆាប់រហ័សតាមស្មារតីដែលបានឯកភាពគ្នា ក្នុងសេចក្តីប្រកាសរួម (ចំណុចទី៣)នេះ ប្រកបដោយភាពស្មោះត្រង់ ដើម្បីឈានទៅរកការខណ្ឌសីមា និងបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់រវាងប្រទេសទាំងពីរដោយសន្តិវិធី ដែលជាមូលដ្ឋានសម្រាប់កសាងសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ អាចរស់នៅដោយសេចក្តីសុខ។
នៅមុនបុណ្យចូលឆ្នាំថ្មីមួយថ្ងៃ រាជរដ្ឋាភិ បាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់ និងដោយប្រើកងកម្លាំងប្រដាប់អាវុធរបស់ថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងតំបន់ពាក់ព័ន្ធផ្សេងៗទៀតដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ ការរៀបចំដំណើរទស្សនកិច្ចជាសាធារណៈ និងសកម្មភាពផ្សេងៗនៅតំបន់ទាំងនោះ ក៏បានបង្ហាញពីការប្រើប្រាស់អំណាច និងការគ្រប់គ្រងដោយខុសច្បាប់លើដែនដីកម្ពុជាដែរ។ ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ក៏បានប្រកាសបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មានថៃជាបន្តបន្ទាប់ដែលថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលជាព័ត៌មានក្លែងក្លាយ និងផ្ទុយពីការពិតក្នុងចេតនាបង្កការបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ៕

ដោយ៖ ប៊ុនរិទ្ធ





