នាយកប្រតិបត្តិទីក្រុងម៉ាកាវនឹងបំពេញទស្សនកិច្ចនៅអឺរ៉ុបដើម្បីជំរុញកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ -- រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសម៉ាកាវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក សេម ហ៊ូ-ហ្វៃ (Sam Hou-fai) នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ (SAR) នឹងចេញដំណើរនៅថ្ងៃសុក្រនេះសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសព័រទុយហ្គាល់ អេស្ប៉ាញ ស្វីស និងប៊ែលហ្ស៊ិក។
យោងតាមការិយាល័យព័ត៌មានរបស់រដ្ឋាភិបាល SAR ម៉ាកាវ បានឱ្យដឹងថា លោក សេម នឹងដឹកនាំគណៈប្រតិភូមន្ត្រី SAR និងតំណាងធុរកិច្ចសម្រាប់ដំណើរទស្សនកិច្ចនេះ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៦។
ការិយាល័យព័ត៌មានបានកត់សម្គាល់ថា នៅទីក្រុងលីសបោន លោកសេម នឹងជួបជាមួយមន្ត្រីឈានមុខគេនៃស្ថាប័នប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការរបស់ប្រទេសព័រទុយហ្គាល់។ បន្ថែមពីលើព្រឹត្តិការណ៍ជាបន្តបន្ទាប់កិច្ចប្រជុំរវាងនាយកប្រតិបត្តិ និងនិស្សិតម៉ាកាវដែលកំពុងសិក្សានៅប្រទេសព័រទុយហ្គាល់ក៏ត្រូវបានគ្រោងទុកផងដែរ។
នៅទីក្រុងម៉ាឌ្រីដ លោក សេម នឹងទៅជួបជាមួយមន្ត្រីអេស្ប៉ាញដែលពាក់ព័ន្ធ។ រដ្ឋាភិបាល SAR បាននិយាយថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍ និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីពង្រីកទីផ្សារប្រភពសម្រាប់ភ្ញៀវទេសចរទៅកាន់ម៉ាកាវ និងសម្រួលដល់សកម្មភាពផ្គូផ្គងអាជីវកម្ម។
យោងតាមរដ្ឋាភិបាល SAR បានឱ្យដឹងថា គណៈប្រតិភូនឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនៅថ្ងៃទី២៣ ខែមេសា ដើម្បីពង្រឹងការចូលរួមជាមួយអង្គការអន្តរជាតិ ដូចជាអង្គការពាណិជ្ជកម្មពិភពលោកជាដើម ហើយបន្ទាប់មកនឹងទៅកាន់ទីក្រុងព្រុចសែលនៅថ្ងៃទី២៤ ខែមេសា ដើម្បីជួបជាមួយមន្ត្រីប៊ែលហ្ស៊ិក និងសហភាពអឺរ៉ុប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





