រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរខេត្តតាកែវទទួលបានភ្ញៀវទេសចរជាង ៩០ម៉ឺននាក់
AKP តាកែវ ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ សម្រាប់ខេត្តតាកែវមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ អន្តរជាតិ បានធ្វើដំណើរកម្សាន្តមកកាន់ខេត្តតាកែវជាង ៩០ម៉ឺននាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយៈពេល ៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់ និងថ្ងៃទី១៦ ទទួលបានភ្ញៀវទេសចរជាង ៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃ ពីថ្ងៃទី ១៤ដល់ថ្ងៃទី ១៦ខែមេសា ឆ្នាំ២០២៦ ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៩០.៨៨២៤នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ៧.៣១៦នាក់។

គួរបញ្ជាក់ផងដែរថា សម្រាប់រយៈពេល៣ថ្ងៃកន្លងមកនេះអាជ្ញាធរខេត្តតាកែវបានរៀបចំកម្មវិធីសង្ក្រាន្តតាកែវ ដោយមានលេងល្បែងកម្សាន្តជាច្រើននៅតាមរមណីយដ្ឋានទេសចរនានា និងនៅតាមវត្តអារាម។ ដោយឡែកសម្រាប់ក្រុងដូនកែវរដ្ឋបាលខេត្តតាកែវបានរៀបចំកន្លែងកំសាន្តសប្បាយនៅសួនច្បារមាត់បឹងតាកែវ ដោយមានការរៀបចំកន្លែងសម្រាប់លេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ និងល្បែងទាញព្រ័ត្រយក្សប្រវែង ៨០ម៉ែត្រ ព្រមទាំងការប្រគំតន្ត្រី ដែលមានDJល្បីៗបានមកសំដែង និងច្រៀងជូនបងប្អូនប្រជាពលរដ្ឋរាំកម្សាន្តសប្បាយនៅមាត់បឹងតាកែវថែមទៀតផង៕

ដោយ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តតាកែវ)





