រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេចរជាតិ និងអន្តរជាតិទៅទស្សនាកម្សាន្តនៅខេត្តសៀមរាបមានចំនួនរហូតដល់ជិត២លាននាក់
AKP សៀមរាប ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦--យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ មានចំនួនប្រមាណជា ១,៨៤២,៤៣៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ សរុប មានប្រមាណជា ១,៨៣៧,០០០នាក់។ដោយឡែកភ្ញៀវទេសចរបរទេស មានចំនួន ៥,៤៣៨ នាក់។

ជាមួយគ្នានេះ ភ្ញៀវទេសចរបង្ហាញស្នាមញញឹម និងភាពសប្បាយរីករាយ ពេលបានមកកម្សាន្ត នៅខេត្តសៀមរាបជាពិសេស ការទស្សនាប្រាសាទអង្គរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ដោយពួកគាត់បានលើកឡើងថា ប្រាសាទអង្គរវត្ដ គឺជាសំណង់ប្រាសាទបុរាណដែលមានវ័យចំណាស់ និងល្អជាងគេ ក្នុងចំណោមប្រាសាទបុរាណជាច្រើនទៀត ហើយពួកគាត់ចូលចិត្ដជ្រើសរើសតំបន់រមណីយដ្ឋានអង្គរ ទៅកម្សាន្ដក្នុងពិធីបុណ្យធំៗ ដូចជាពិធីឆ្លងឆ្នាំសកល បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី និងបុណ្យជាតិផ្សេងទៀត។ពួកគាត់បានបន្ថែមថា បើទោះបីប្រទេសកម្ពុជាកំពុងជួបបញ្ហាតម្លៃប្រេងឥន្ទនៈឡើងថ្លៃ មិនទាន់បញ្ចប់ជម្លោះព្រំដែនជាមួយប្រទេសជិតខាងក្ដី ប៉ុន្ដែការដើរកម្សាន្ដ នៅក្នុងខេត្ដ សៀមរាប ពិតជាមានសន្ដិភាព សុវត្ថិភាព និងមានមោទនភាពក្រៃលែង ព្រោះខេត្ដនេះ មានកន្លែងទស្សនាច្រើន ក្រៅពីប្រាសាទអង្គរវត្ដ ដោយមិនមានការភ័យខ្លាចនោះទេ។ ពួកគាត់លើកឡើងថា ការរៀបចំបរិវេណនៅរមណីយដ្ឋានអង្គរ គឺមានសណ្ដាប់ធ្នាប់ល្អ បរិស្ថានល្អ ទេសភាពបៃតងបើទោះបីខែនេះរដូវក្តៅក៏ពិតមែន។

ពួកគាត់បានលើកឡើងទៀតថា កម្ដៅថ្ងៃមិនអាចបង្អាក់ទឹកចិត្តភ្ញៀវទេសចរ ក្នុងការគយគន់ភាពអស្ចារ្យនៃប្រាសាទដូនតា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះបានឡើយ។ដោយស្នាមញញឹម និងភាពសប្បាយរីករាយបានគ្របដណ្ដប់ពេញតំបន់កម្សាន្តនានាក្នុងខេត្តសៀមរាប នេះសបញ្ជាក់ឱ្យឃើញថា តម្លៃនៃសិល្បៈស្ថាបត្យកម្មដ៏អស្ចារ្យ និងដួងព្រលឹងដូនតាខ្មែរ គឺជាមេដែកឆក់ទាញបេះដូងអ្នក។

ជាមួយគ្នានេះដែរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល៣ថ្ងៃនេះ ក្រៅពីតំបន់ប្រាសាទ អាជ្ញាធរខេត្ដសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដបានរៀបចំកម្មវិធីទស្សនាកម្សាន្ដជាច្រើនទៀតនៅក្នុងក្រុងសៀមរាប ដូចជាកម្មវិធីប្រកួតអុំទូកផ្កាចារ ទូកនាគ និងទូកង កម្មវិធីជិះទូកកម្សាន្ត និងកម្មវិធីកម្សាន្តផ្សេងៗជាច្រើនទៀត៕


ដោយ ឃុត សៅ





