រដ្ឋបាលខេត្តតាកែវរៀបចំពិធីស្រង់ព្រះនៅសួនច្បារមាត់បឹងតាកែវ
AKP តាកែវ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទ រៀបចំពិធីស្រង់ព្រះ នៅសួនច្បារមាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្ងៃទី១៦ ខែមេសា ជាថ្ងៃឡើងស័ក អបអរសាទរក្នុងពិធីឆ្លងបុណ្យឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០២៦នេះ។ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះរដ្ឋបាលខេត្តតាកែវ បានបង្កើតកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនយុវនារីមក លេងកម្សាន្តសប្បាយ។

គួរបញ្ជាក់ថា ពិធីស្រង់ទឹកព្រះ ព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយាចារ្យខ្មែរយើង ច្រើនតែនិយមធ្វើនៅរដូវបុណ្យចូលឆ្នាំ ជាពិសេសនៅថ្ងៃដារឆ្លងបង្ហើយ នៅខែចេត្រ ដែលជារដូវចូលឆ្នាំថ្មី ហើយក៏ជាខែមួយ ដែលមានអាកាសធាតុក្តៅហែងផងដែរ។ នៅពេលយើងបានងូត ឬមុជទឹកមាន យើងអារម្មណ៍ត្រជាក់កាយសប្បាយចិត្ត។ យ៉ាងណាមិញព្រះសង្ឃ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ដែលពុទ្ធបរិស័ទ និងកូនចៅ ប្រុសស្រី បានស្រង់ ទឹកជូនអ្នកមានគុណ ដែលជាទីគោរពសក្ការៈ ក៏នឹងមានអារម្មណ៍ត្រជាក់ ត្រជុំរីករាយពន់ពេក ហើយបានអោយពរជ័យ ដល់កូនចៅគ្រប់រូប សមប្រកបតែសេចក្តីសុខ ចម្រុងចម្រើន រកស៊ីទទួលទានកាន់តែមានបានពី មួយឆ្នាំទៅមួយឆ្នាំផងដែរ៕

ដោយ AKP





