អភិបាលខេត្តពោធិ៍សាត់ នាំយកទេយ្យទាន និងចង្ហាន់ប្រគេនព្រះសង្ឃចំនួនវត្ត៣ ក្នុងថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
AKPភ្នំពេញថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦–
អភិបាលខេត្តពោធិ៍សាត់ នាំយកទេយ្យទាន និងចង្ហាន់ប្រគេនព្រះសង្ឃចំនួនវត្ត៣ ក្នុងថ្ងៃចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងវត្តកែវវិជ័យ ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

នាឱកាសនៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ប្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បាននាំយកទេយ្យទាន និងចង្ហាន់ប្រគេនព្រះសង្ឃចំនួនវត្ត៣ រួមមាន វត្តហង្សាបិតិ ហៅវត្តព្រែកស្តី និងវត្តហ្លួង ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ និងវត្តកែវវិជ័យ ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងសំណេះសំណាលជាមួយបងប្អូនពុទ្ធបរិស័ទដោយគូសបញ្ជាក់ថា ការជួបជុំនាពេលនេះក៏ដូចនាពេលកន្លងមកគឺធ្វើឡើងដើម្បីរក្សាឱ្យបាននូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ លើកកម្ពស់អរិយធម៌ដ៏ផូរផង់ និងសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏អង់អាចក្លានរបស់វីរកងទ័ព និងវីរនគរបាលដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីរក្សាការពារបូរណភាពទឹកដី។ ឯកឧត្តមបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត បានរួបរួមគ្នាបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រគ្រប់ជំនាន់។

ឯកឧត្តម ខូយ រីដា បានថ្លែងថា ក្នុងគោលបំណងបង្ការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងលើកស្ទួយវិស័យទេសចរណ៍ គណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនូវវិធានការណ៍ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយអ្វីដែលខេត្តមានភាពល្បីល្បាញនោះគឺបរិស្ថាន អនាម័យស្អាតគ្មានសំរាម ហេតុនេះក្នុងនាមអាជ្ញាធរខេត្តសូមឱ្យប្រជាពលរដ្ឋយើងបន្តយកចិត្តទុកដាក់បន្ថែមទៀត ដោយសូមទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសោភណភាព៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)





